ដោយៈសុផល/ភ្នំពេញ:តំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ ទុំទាវ នឹងត្រូវរៀបចំអភិវឌ្ឍន៍ កែលម្អ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។នេះបើតាមប្រភពរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមីនា។
រដ្ឋបាលខេត្តត្បួងឃ្មុំបានឱ្យដឹងថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្ត្រមួយនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋមកទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឱ្យមានបង្គន់អនាម័យផងដែរ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បន្តថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ.ប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឱ្យមានសោភ័ណភាពល្អហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះទើបធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះត្រូវបានមើលរំលង។ប៉ុន្តែចាប់ពីពេលនេះតទៅអាជ្ញាធរខេត្តនឹងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយ ដែលគេឱ្យឈ្មោះថា ដើមពោធិ៍អ្នកតាក្រហម-ក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្ត្រទុំទាវ ត្រូវបានប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញ និងស្គាល់ ដោយបានចូលទៅទស្សនាជាបន្តបន្ទាប់ ពិសេសប្រជាពលរដ្ឋពីបណ្ដាខេត្តនានា៕srn