ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំង មូល សម្រេចបានប្រមាណ ៩៨ ទៅ ៩៩ ភាគរយហើយ ពោលគឺ នៅតែរយៈពេល ៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ឆ្លងកាត់ ជាបណ្តោះអាសន្ន។
នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជា ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ។
ការចុះពិនិត្យស្ថានភាព ជាក់ស្តែងនេះ របស់លោក ឃួង ស្រេង គឺដើម្បីជំរុញការងារដែលនៅសេសសល់ ឲ្យបានរួចរាល់ ក្នុងរយៈពេល ៥ថ្ងៃទៀត ដើម្បីសុំគោលការណ៍ បើកប្រើប្រាស់ ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាព នៃការដាក់ទីតាំងវេទិកា បើកសម្ពោធស្ពានអាកាសនេះ ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលថ្មី ខាងលើនេះ នឹងធ្វើឡើង នៅថ្ងៃណានោះទេ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូល ចោមចៅ ការដ្ឋានទាំងមូល បានសម្រេចប្រមាណ ៩៨ ទៅ ៩៩ ភាគរយហើយ ពោលគឺ នៅតែរយៈពេល ៥ ថ្ងៃទៀត ការដ្ឋានមួយនេះ នឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកអោយដំណើរការ ជាបណ្ដោះអាសន្ន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរ ឆ្លងកាត់បាន ហើយនៅពេលវេលា ដ៏សមគួរមួយរដ្ឋបាលរាជធានីភ្នំពេញ និងសុំគោលការណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាព បើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៃស្ពានអាកាសថ្មី នៅរង្វង់មូលចោមចៅនេះ ជាផ្លូវការតែម្តង។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវ បណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ផងដែរ ដែលធ្វើអោយកម្មករ ក៏ដូចជា អ្នកទទួលការសាងសង់ អូសបន្លាយពេល ប៉ុន្តែទោះបីជា យ៉ាងណាក្តី ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចអោយប្រជាពលរដ្ឋ បានឆ្លងកាត់ ជាបណ្តោះអាសន្ន នៅប៉ុន្មានថ្ងៃ ខាងមុខនេះហើយ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ ប្រមាណ ២២ លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ ដោយបែងចែកជា ៣ ផ្នែកគឺៈ
ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ ដែលមានចរាចរ ពីរ គន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤,៥ ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរក្រោមស្ពាន មាន ៥,៥ ម៉ែត្រ។
ស្ពានទី២ បំបែក ចេញពី ស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដី ប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែង សរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយ គន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធ រុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរ មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹង ទំហំទទឹង ៨,៥ ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹង ទំហំ ៥,២៥ ម៉ែត្រ និងទំហំ ៥,៥ ម៉ែត្រ ។
ស្ពាននឹងមានអាយុកាល ១០០ ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញ បរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹក ស្វ័យប្រវត្តិ ផងដែរ។
គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕/V