ដោយៈសុផល/ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ខែមីនាឆ្នាំ២០២២នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន ២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។
ប្រភពដដែលបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៣៧,១១០នាក់ ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់ រាជធានីភ្នំពេញ ២៨,៤១៩នាក់ ខេត្តសៀមរាប ២៧,៥៤៣នាក់ ខេត្តបាត់ដំបង ២៣,៩៩០នាក់ ខេត្តកំពត ២៦,១៣៦នាក់ ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់និង ខេត្តកែប ១១,៤៤៣នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើនឡើងប្រមាណ២៧.៣០ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមកដែលជាអត្រាកំណើន មួយខ្ពស់ និងកើនឡើងរហ័ស។
លោករដ្ឋមន្ត្រីបានបន្តទៀតថាចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះគឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។
បើតាមលោក ថោង ខុន ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩បានល្អ ពិសេសការថយចុះនៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence)និងបានជំរុញឲ្យមានចរន្តភ្ញៀវ ដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជាឱកាសដើរកម្សាន្តដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕សរន-PC