ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ ថ្នល់កៅស៊ូនៅចំណុចខាងមុខផ្ទះ១៣ល្វែងទ្រុឌទ្រោមដែលក្រុមហ៊ុនវាយកម្ទេចចោលប្រវែងជាង២០ម៉ែត្របានប្រេះរហែក។ទីតាំងនោះស្ថិតនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។ពាក់ពន្ធ័នឹងករណីនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំងអះអាងថា ភាគីក្រុមហ៊ុនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូនេះឡើងវិញ ។
អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវ៉េន នៅព្រឹកថ្ងៃទី១៤ខែមីនា២០២២នេះបាននិយាយថា ករណីធ្វើឲ្យផ្លូវ កៅស៊ូចំណុចផ្ទះ១៣ល្វែងខាងលើនេះប្រេះខូចខាតគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលជាអ្នកស៊ីឈ្នួលវាយផ្ទះល្វែង១៣ល្វែងនេះចោល ។ ព្រោះថាមុនម៉ៅការវាយផ្ទះទ្រុឌទ្រោមទាំង ១៣ ល្វែងនេះ គឺខាងក្រុមហ៊ុនបានធ្វើកិច្ចស ន្យាជាមួយអាជ្ញាធរក្រុងនិងខេត្តថាបើការងារខាងលើនេះធ្វើឱ្យស្រុតផ្ទះប្រជាពលរដ្ឋនៅជិតខាងឬបាក់ស្រុតផ្លូវកៅស៊ូរបស់ ខេត្តនោះក្រុមហ៊ុនជាអ្នករ៉ាប់រងទទួលខុសត្រូវ ។
លោកអភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ករណីប្រេះផ្លូវកៅស៊ូខាងលើនេះកាលពីម្សិលមិញថ្ងៃទី ១៣ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានចុះទៅត្រួតពិនិត្យម្ដងរួចហើយ ។ នៅព្រឹកថ្ងៃទី ១៤ នេះ លោក សាន់យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលរងក្រុងកំពង់ឆ្នាំងក៏បានចុះទៅត្រួតពិនិត្យម្ដងទៀត ដើម្បីវាយតម្លៃ និងរាយការណ៍ជូន ឯកឧត្តមអភិបាលខេត្ត សុំគោលការណ៍សម្រេច ។
ប្រជាពលរដ្ឋដែលនៅជិតកន្លែងការរដ្ឋានខាងលើនេះគឺក្រុមហ៊ុនទទួលម៉ៅការវាយកំទេចផ្ទះថ្មទ្រុឌទ្រោមនេះចោល បានជីកគាស់កកាយគ្រឹះផ្ទះចាស់នេះមានជម្រៅប្រមាណពីបីទៅ បួនម៉ែត្រដើម្បីយកដែកនៅខាងក្រោម ។
កាលពីអាទិត្យមុនមានភ្លៀងមួយមេធំបានបង្កឱ្យមានទឹកហូច្រោះនិងធ្វើឱ្យផ្លូវកៅស៊ូនៅចំណុចនេះប្រេះរហែកថ្នល់កៅស៊ូ។ អាជ្ញាធរ និងសមត្ថកិច្ចក៏បានដាក់ បង្គោលចងខ្សែការពារមិនឲ្យរថយន្តដឹកធ្ងន់បើកឆ្លងកាត់តំបន់មានហានិភ័យនេះទេ ៕/PC