ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ យុវជនបីនាក់ ជិះម៉ូតូដើរលេងពេលយប់ តែបានដាក់ដាវ កែច្នៃ ១ដើមតាមខ្លួន ត្រូវកំលាំងអាវុធហត្ថ មួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានចុះល្បាតការពារ ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ឃាត់ខ្លួន នៅវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង បីនាក់នោះ ១-ឈ្មោះ សុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង បីនាក់ បានឆ្លើយសារភាពថាៈ ពួកខ្លួនបាននាំគ្នា ជិះម៉ូតូចំនួន ពីរគ្រឿង មកហូបចំណី នៅសួនមានជ័យ អង្គុយលេងនៅក្នុងបរិវេណ សួនមានជ័យ ។ ចំពោះដាវកែច្នៃ ១ដើមនោះ ពួកខ្លួនដាក់មក ដើម្បីការពារខ្លួន ព្រោះមានគូទំនាស់ ប៉ុនប៉ងសម្លាប់។ ពេលធ្វើតេស្តទឹកនោម យុវជនទាំង បីនាក់ ត្រូវរកឃើញមានវិជ្ជមានថ្នាំញៀន ហើយត្រូវបាន បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថាៈ រឃាត់ខ្លួន ជនសង្ស័យ ទាំងបីនាក់ ដោយមានការ អនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីនឹងបញ្ជូន ជនសង្ស័យ ទៅតុលាការ នៅថ្ងៃទី១៤ ខែមីនា៕/V-PC