ដោយៈ សុ​ផានី​តា / កោះកុងៈ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ថ្លែង​រិះគន់ ដល់​ក្រុមមន្ត្រី​អសកម្ម​មួយចំនួន​តូច ដែល​មិន​ព្រមយក​គំរូ​តាម​មន្ត្រី​ល្អៗ បែរជា​ឆ្លៀតឱកាស ទាញយក​ប្រយោជន៍ ផ្ទាល់ខ្លួន​។ ទន្ទឹម​នោះ លោកស្រី ណែនាំ​ផ្ទាល់មាត់​ថា គ្រប់​មន្ត្រីរាជការ ឱវាទ​ទាំងអស់ ត្រូវគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ និង​តួនាទី​ភារកិច្ច​របស់ខ្លួន ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​ត្រូវ​ចាត់ទុកថា ខ្លួន​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​។​

​ការលើកឡើង​បែបនេះ របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​ជា​ស្ត្រី ភាគ​និរតី​នៃ ប្រទេស​កម្ពុជា គឺធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២២ នៅ​សាល​មហោស្រព​ខេត្ត​។​

​លោកស្រី អភិបាលខេត្ត ក៏​ស្នើ​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត ត្រូវ​បន្ត​ចូលរួម​អនុវត្ត ឱ្យបាន​ត្រឹមត្រូវ ទៅតាម​តួនាទី ភារកិច្ច ដូចជា សាមគ្គីភាព​គ្នា​ល្អ ប្រកាន់​នូវ​អត្ត​ច​រិ​ក​ថ្លៃថ្នូរ មាន​ភាពជិតស្និទ្ធ ជាមួយ​ប្រជាជន និង​បានផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បានល្អ​ប្រសើរ ហើយ​ត្រូវ​រៀនសូត្រ តាម​មន្ត្រី​ល្អៗ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន ឱ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​។​

​ម្យ៉ាងទៀត លោកស្រី យល់ថា មាន​មន្ត្រីរាជការ​មួយចំនួន​តូច ឆ្លៀតឱកាស​ប្រើប្រាស់​មុខងារ តួនាទី ដើម្បី​ទាញយក​ផលប្រយោជន៍ ផ្ទាល់ខ្លួន​។ ដូច្នេះ​គ្រប់​មន្ត្រីរាជការ និង​កងកម្លាំង សមត្ថកិច្ច​ពាក់ព័ន្ធ ចាំបាច់​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត បាន​យ៉ាង​ល្អប្រសើរ លើ​ការងារ សណ្តាប់ធ្នាប់​សាធារណៈ នៅតាម​ទីប្រជុំជន និង​តំបន់​ទេសចរណ៍​សំខាន់ៗ​។

​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​អនុវត្តបាន​យ៉ាង​ល្អ ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ គួរឱ្យកត់សម្គាល់​។ ជាមួយគ្នានេះ សមត្ថភាព របៀបរបប និង​អាកប្បកិរិយា ធ្វើ​ការងារ​របស់ មន្ត្រី​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ សង្កាត់ ត្រូវបាន​កែលម្អ​ជាប្រចាំ និង​ការបន្ត​ជំរុញ​ចលនា​អនុវត្ត គោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” បានធ្វើឱ្យ​ការ​បម្រើសេវា​សន្តិសុខ និង​សេវា​តម្រូវ​ការចាំបាច់​នានា នៅ​មូលដ្ឋាន ត្រូវបាន​ពង្រឹងគុណភាព​ផងដែរ​។​

​ទោះយ៉ាងណា លោកស្រី អភិបាលខេត្ត​កោះកុង វាយតម្លៃ​ខ្ពស់​ពី​សមិទ្ធិផល ដែល​សម្រេច រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ដ្បិត​ខេត្ត ក៏ដូចជា ប្រទេស​កម្ពុជា​ទាំងមូល ជួប​វិបត្តិ រីក​រាលដាល ជំងឺ​កូ​វីដ​១៩​ក្តី ដោយមាន​ការចូលរួម​យ៉ាងសកម្ម និង​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​លោក លោកស្រី​ទាំងអស់ និង​សូម​សំដែង​នូវ ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់ ព្រមទាំង ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​អង្គការ សង្គម​ស៊ីវិល ដែល​ពាក់ព័ន្ធ​ទាំងអស់​។​

២​ឆ្នាំ កន្លងទៅនេះ ពោលគឺ ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ខេត្តកោះកុង ក៏ដូចជា បណ្តា​ខេត្ត​ដទៃទៀត ទូទាំងប្រទេស បាន​ខិតខំ​ពុះពារ​ជម្នះ និង​ឆ្លងកាត់​នូវ​បញ្ហា​ស្មុគស្មាញ ជាច្រើន ព្រោះតែ​ការផ្ទុះ​ឡើង នូវ​ជំងឺ​កូ​វីដ​-១៩ បង្កឱ្យមាន​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់ សុខភាព​សាធារណៈ សេដ្ឋកិច្ច​-​សង្គម ជាពិសេស​ជីវភាព​រស់​នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ តែម្តង​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការលំបាក​នានា ដែល​បាន​កើតឡើង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលការណ៍ និង​វិធានការ​ដ៏​មុត​ស្រួច ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងី​កូ​វីដ​-១៩ ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង ចាក់​បង្ការ​ការពារ ជូន​ប្រជាពលរដ្ឋ ដើម្បី​បង្កើតឱ្យមាន​ភាពស៊ាំ នៅក្នុង​សហគមន៍​។​

​ការផ្តល់​ជំនួយ​សង្គម ដល់​គ្រួសារ​ក្រីក្រ និង​កម្មករ រោងចក្រ សហគ្រាស ដែល​ទទួលរង​ផល ប៉ះពាល់​ដោយ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ការធ្វើអន្តរាគមន៍​នានា ដើម្បី​ទប់​លំនឹង​សេដ្ឋកិច្ចសង្គម កុំឱ្យ​ដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការធានា​ឱ្យ​ដំណើរ​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ដើម្បី​ផ្តល់​សេវាសាធារណៈ ចាំបាច់​នានា ព្រមទាំង​វិធានការ​ចាំបាច់​នានា ជាច្រើន​ទៀត ក្នុងការ​ស្តារឡើងវិញ នូវ​សេដ្ឋកិច្ច​-​សង្គម ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩៕/V​