ដោយៈ យោធិន / កំពង់ស្ពឺៈ ក្នុង​គោលបំណង​ផ្តល់ នូវ​ចំណេះដឹង​ជា​មូលដ្ឋាន ក្នុងការ​ប្រើប្រាស់ ឧបករណ៍ និង​កម្មវិធី​សំខាន់ៗ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ទិន្នន័យ​វិស័យ​សកម្មភាព​មីន ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្របតាម​ការវិវឌ្ឍ នៃ​បច្ចេកវិទ្យា​ថ្មីៗ អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ដំណើរ​ការបើក​វគ្គ ហ្វឹកហ្វឺន ជំនាញ​បច្ចេកវិទ្យា គ្រប់គ្រង​ពត៌មាន​វិស័យ​សកម្មភាព​មីន នា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល កងកម្លាំង​រក្សា​សន្តិភាព ស្ថិតក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក តាំង សំ​ប៊​ន អគ្គនាយករង និង​ជានា​យក​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បានលើកឡើង​ថាៈ វគ្គ​ហ្វឹកហ្វឺន ដែលមាន​រយៈពេល ពីរ​សប្តាហ៍​(១៤-២៥ មីនា​) ដោយមាន​សិក្ខាកាម ចំនួន​២៨​នាក់ មកពី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​បញ្ជាការដ្ឋាន កងទ័ពជើងទឹក ក្រោម​ការបង្ហាត់បង្ហាញ ពី​យោធា​ចា​រ្យ និង​គ្រូ​សរុប​ចំនួន ១១​នាក់​។​

​លោកស្រី រស់ សុផល ប្រធាន​អង្គភាព​គ្រប់គ្រង​ទិន្នន័យ​អាជ្ញាធរ​មីន ដែលជា​គ្រូ​បង្គោល សម្រាប់​វគ្គ​ហ្វឹកហ្វឺន ជំនាញ​បច្ចេកវិទ្យា​គ្រប់គ្រង​ពត៌មាន វិស័យ​សកម្មភាព​មីន ខាងលើនេះ បាន​ថ្លែង​បញ្ជាក់ថាៈ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ វិស័យ​សកម្មភាព​មីន ប្រមូលផ្តុំ​នូវ​គ្រប់​ទិន្នន័យ ដែល​បានមកពី​ប្រតិបត្តិ​ករ បោសសម្អាត​មីន​ជាតិ អន្តរជាតិ និង​អាច​ទាញយក ទៅប្រើ​ប្រាស់ សម្រាប់​គាំទ្រ​ដល់ ការរៀបចំ​ផែនការ​បោសសម្អាត ការស្វែងរក​ធនធាន​ថវិកា ជួយ​ដល់​ជនរងគ្រោះ ក៏ដូចជា តាម​តម្រូវការ​ការ​ផ្សេងៗ ដែល​អ្នកប្រើប្រាស់​ចង់បា​ន​។​

​បច្ចុប្បន្ន មាន​បណ្តុំ​ទិន្នន័យ ជាង ១០ ប្រភេទ ដែល​បានដាក់​បញ្ចូល ក្នុងនោះ​រួមមានៈ ទិន្នន័យ​ស្រាវជ្រាវ​កម្រិត​មូលដ្ឋាន ទិន្នន័យ​ផ្ទៃដី​បោសសម្អាត​មីន ទិន្នន័យ​អប់រំ​គ្រោះថ្នាក់ ដោយសារ​មីន ទិន្នន័យ​គ្រោះថ្នាក់ ទិន្នន័យ​ការត្រួតពិនិត្យ របស់​ក្រុម QMT, ទិន្នន័យ​ការ ជួយសង្គ្រោះ​ជនរងគ្រោះ ទិន្នន័យ​យែ​ន​ឌ័​រ ទិន្នន័យ PMS , និង​ទិន្នន័យ​ការចុះ​អង្កេត​ដី ក្រោយ​បោសសម្អាត​មីន​រួច​ជាដើម​។ នេះ​បើតាម​ការលើកឡើង របស់លោក​ស្រី ប្រធាន​អង្គភាព​គ្រប់គ្រង​ទិន្នន័យ​អាជ្ញាធរ​មីន​។​

​លោកស្រី រស់ សុផល បាន​បន្ថែមថាៈ អង្គភាព​ទិន្នន័យ​អាជ្ញាធរ​មីន បានទទួល​ជំនួយ បច្ចេកទេស​ពី​អង្គការ GICHD បាន​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង ដែលមាន​ឈ្មោះថា “IMSMA” ប្រព័ន្ធ​នេះ​ត្រូវ​បានដាក់ ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា ជាង ១០០ ប្រទេស​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ បច្ចេកវិទ្យា​គ្រប់គ្រង​ពត៌មាន វិស័យ​សកម្មភាព​មីន នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​វាយតម្លៃ​ខ្ពស់ ពី​សារៈប្រយោជន៍​សំខាន់ លើ​មុខជំនាញ ខាងលើនេះ ដែលជា​តម្រូវ​ការចាំបាច់​បំផុត សម្រាប់​បំរើ​ឲ្យ​ដល់​ការងារ បេសកកម្ម​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បាន​ថ្លែង​បញ្ជាក់ ពី​ការយកចិត្តទុកដាក់ នូវ​រាល់​ការជួយឧបត្ថម្ភ នូវ​សម្ភារៈ និង​បន្ថែម​ថវិកា សំដៅ​ជម្រុញ​ឲ្យ ដំណើរ​ការប្រព្រឹត្តិទៅ វគ្គ​ខាងលើនេះ សម្រេចបាន​លទ្ធផល​ល្អប្រសើរ​៕/V​