ប្រែសម្រួល : កញ្ញាដាលីស (BBC) ៖ ចំពេលមានពពកអ័ព្ទនៃសង្គ្រាម វាពិតជាពិបាកក្នុងការរកផ្លូវឆ្ពោះទៅមុខ។ ដំណឹងពីសមរភូមិ ការទូតគគ្រឹកគគ្រេង អារម្មណ៍នៃការសោកសៅនិងការផ្លាស់ទីលំនៅ ទាំងអស់នេះអាចលើសលប់ទប់មិនជាប់ទេ។ ដូច្នេះ សូមអនុញ្ញាតឱ្យយើងថយក្រោយមួយភ្លែតសិន ហើយពិចារណាពីរបៀបដែលជម្លោះនៅអ៊ុយក្រែនអាចនឹងបញ្ចប់។
តើមានសេណារីយ៉ូអ្វីខ្លះដែលអ្នកនយោបាយនិងអ្នករៀបចំផែនការយោធាកំពុងពិនិត្យ? មានមនុស្សតិចណាស់ដែលអាចទស្សន៍ទាយអំពីអនាគតប្រកបដោយទំនុកចិត្ត ប៉ុន្តែខាងក្រោមនេះគឺជាលទ្ធផលដែលអាចមានមួយចំនួន។ ហើយលទ្ធផលនេះទៀតសោតសុទ្ធតែក្រៀមក្រំ។
– សង្គ្រាមរយៈពេលខ្លី
នៅក្រោមសេណារីយ៉ូនេះ រុស្ស៊ីបង្កើនប្រតិបត្តិការយោធារបស់ខ្លួន។ នោះគឺមានការវាយប្រហារដោយកាំភ្លើងធំនិងគ្រាប់រ៉ុក្កែតមិនរើសមុខនៅទូទាំងប្រទេសអ៊ុយក្រែន។ កងទ័ពអាកាសរុស្ស៊ី ដែលដើរតួនាទីមិនសូវលេចធ្លោជាងគេរហូតមកទល់ពេលនេះ ចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏បំផ្លិចបំផ្លាញ។ ការវាយប្រហារតាមអ៊ីនធឺណេតដ៏ធំវាយលុកពាសពេញអ៊ុយក្រែន ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ។ការផ្គត់ផ្គង់ថាមពលនិងបណ្តាញទូរគមនាគមន៍ត្រូវបានកាត់ផ្តាច់។ ជនស៊ីវិលរាប់ពាន់នាក់បានស្លាប់។ ត្បិតមានការតស៊ូយ៉ាងក្លាហានក៏ពិតមែន ក៏ប៉ុន្តែទីក្រុងគៀវនឹងដួលរលំក្នុងរយៈពេលតែប៉ុន្មានថ្ងៃ។
រដ្ឋាភិបាលត្រូវបានជំនួសដោយរបបអាយ៉ងដែលគាំទ្រទីក្រុងមូស្គូ។ ប្រធានាធិបតីហ្សេលេនស្គីត្រូវគេធ្វើឃាតឬភៀសខ្លួនទៅភាគខាងលិចអ៊ុយក្រែនឬក៏រត់ទៅបរទេសដើម្បីបង្កើតរដ្ឋាភិបាលនិរទេស។ ប្រធានាធិបតីពូទីនប្រកាសពីជ័យជម្នះនិងដកកងកម្លាំងមួយចំនួន ដោយទុកកម្លាំងគ្រប់គ្រាន់ល្មមដើម្បីរក្សាការគ្រប់គ្រង។ជនភៀសខ្លួនរាប់ពាន់នាក់បន្តភៀសខ្លួនទៅភាគខាងលិច។ អ៊ុយក្រែនចូលរួមជាមួយបេឡារូសក្នុងនាមជារដ្ឋរណបរបស់ក្រុងមូស្គូ។
លទ្ធផលនេះគឺមិនអាចទៅរួចនោះទេ ប៉ុន្តែអាស្រ័យលើកត្តាផ្លាស់ប្តូរជាច្រើន ដូចជា កងកម្លាំងរុស្ស៊ីប្រយុទ្ធបានល្អប្រសើរជាងមុនកងកម្លាំងទាំងនោះត្រូវបានដាក់ពង្រាយកាន់តែច្រើន ហើយស្មារតីប្រយុទ្ធមិនធម្មតារបស់អ៊ុយក្រែនចាប់ផ្តើមរសាត់។ លោកពូទីនអាចសម្រេចបាននូវការផ្លាស់ប្តូររបបនៅក្នុងទីក្រុងគៀវនិងបញ្ចប់សមាហរណកម្មលោកខាងលិចរបស់អ៊ុយក្រែន។ ប៉ុន្តែរដ្ឋាភិបាលដែលគាំទ្ររុស្ស៊ីណាមួយនឹងមិនស្របច្បាប់ទេហើយងាយរងគ្រោះនឹងការបះបោរ។ លទ្ធផលបែបនេះនៅតែមិនមានស្ថិរភាព ហើយការរំពឹងទុកនៃជម្លោះដែលនឹងកើតឡើងម្តងទៀតគឺមានកម្រិតខ្ពស់។
– សង្គ្រាមរយៈពេលវែង
វាទំនងជាវាវិវត្តទៅជាសង្គ្រាមអូសបន្លាយពេលយូរ។ កងកម្លាំងរុស្ស៊ីប្រហែលជាជាប់គាំងវ៉ៃលែងទៅមុខ រងគ្រោះដោយស្មារតីប្រយុទ្ធធ្លាក់ចុះទាប ខ្វះភស្តុភារ និងខ្វះថ្នាក់ដឹកនាំមានសមត្ថភាព។ វាប្រហែលជាត្រូវការពេលយូរណាស់សម្រាប់កងកម្លាំងរុស្ស៊ីដណ្តើមបានទីក្រុងដូចជាទីក្រុងគៀវ ដែលក្រុមអ្នកការពារប្រយុទ្ធពីផ្លូវមួយទៅផ្លូវមួយទៀត។ ការឡោមព័ទ្ធដ៏វែងមួយនឹងកើតឡើង។ ការប្រយុទ្ធគ្នានេះនឹងមានសភាពដូចការតស៊ូដ៏យូរ និងដ៏ឃោរឃៅរបស់រុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ដើម្បីដណ្តើមយកនិងបំផ្លាញទីក្រុងហ្គ្រោស្នី (Grozny) ដែលជារដ្ឋធានីរបស់សាធារណរដ្ឋឆេចឈ្នី (Chechnya)។
ហើយសូម្បីតែនៅពេលដែលកងកម្លាំងរុស្ស៊ីអាចសម្រេចវត្តមានមួយចំនួននៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន ក៏ប្រហែលជាពួកគេនឹងពិបាករក្សាការគ្រប់គ្រងដែរ។ប្រហែលជារុស្ស៊ីមិនអាចផ្តល់កងទ័ពគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ប្រទេសដ៏ធំបែបនេះបានទេ។
កងកម្លាំងការពាររបស់អ៊ុយក្រែនប្រែក្លាយទៅជាចលនាបះបោរដែលមានការលើកទឹកចិត្តនិងគាំទ្រដោយប្រជាជនក្នុងស្រុក។ លោកខាងលិចបន្តផ្តល់អាវុធ និងគ្រាប់។ ហើយបន្ទាប់មក ប្រហែលជាច្រើនឆ្នាំក្រោយមកដោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅទីក្រុងមូស្គូកងកម្លាំងរុស្ស៊ីនៅទីបំផុតត្រូវចាកចេញពីអ៊ុយក្រែនទាំងឱនក្បាលនិងហូរឈាមដូចពួកឈ្លានពានពីមុនរបស់ពួកគេដែលបានចាកចេញពីអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៩៨៩បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងពួកបះបោរអ៊ីស្លាមរយៈពេលមួយទសវត្សរ៍។
– សង្គ្រាមអឺរ៉ុប
តើវាអាចទៅរួចទេ ដែលសង្គ្រាមនេះអាចហៀរចេញក្រៅព្រំដែនអ៊ុយក្រែន?
លោកប្រធានាធិបតីពូទីនអាចស្វែងរកការដណ្តើមយកមកវិញនូវផ្នែកជាច្រើនទៀតនៃអតីតចក្រភពរុស្ស៊ី ដោយបញ្ជូនកងទ័ពចូលទៅអតីតសាធារណរដ្ឋសូវៀតដូចជាម៉ុលដាវីនិងហ្សកហ្ស៊ី ដែលមិនមែនជាផ្នែករបស់ណាតូ។ ឬប្រហែលជាមានការគណនាខុសនិងការកើនឡើងភាពតានតឹង។ លោកពូទីនអាចប្រកាសថាការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់កងកម្លាំងអ៊ុយក្រែនគឺជាទង្វើនៃការឈ្លានពាន ដែលត្រូវមានការសងសឹក។ គាត់អាចគំរាមបញ្ជូនទាហានចូលទៅក្នុងបណ្តារដ្ឋនៃតំបន់បាល់ទិកដែលជាសមាជិករបស់ណាតូ ដូចជាលីទុយអានីដើម្បីបង្កើតច្រករបៀងដីគោកភ្ជាប់ជាមួយទីក្រុងឆ្នេរសមុទ្ររុស្ស៊ីគឺ កាលីនីនហ្គ្រាដ (Kaliningrad)។
នេះនឹងមានគ្រោះថ្នាក់និងប្រថុយមានសង្គ្រាមជាមួយណាតូ។ នៅក្រោមមាត្រា ៥ នៃធម្មនុញ្ញរបស់សម្ពន្ធយោធាណាតូការវាយប្រហារលើសមាជិកណាមួយគឺជាការវាយប្រហារលើសមាជិកទាំងអស់។ ប៉ុន្តែលោកពូទីនអាចនឹងប្រថុយប្រថាន ប្រសិនបើគាត់មានអារម្មណ៍ថា វាជាមធ្យោបាយតែមួយគត់ក្នុងការសង្គ្រោះការដឹកនាំរបស់គាត់។ ប្រសិនបើគាត់ប្រឈមមុខនឹងបរាជ័យនៅអ៊ុយក្រែន គាត់អាចនឹងបង្កើនជម្លោះបន្ថែមទៀត។ ឥឡូវនេះយើងដឹងថាមេដឹកនាំរុស្ស៊ីមានឆន្ទៈក្នុងការបំបែកបទដ្ឋានអន្តរជាតិដែលមានជាយូរមកហើយ។ហេតុផលដូចគ្នានេះអាចត្រូវបានអនុវត្តចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។ នៅសប្តាហ៍នេះ លោកពូទីនបានដាក់កម្លាំងនុយក្លេអ៊ែររបស់គាត់ឱ្យប្រុងជើងការកម្រិតខ្ពស់។ អ្នកវិភាគភាគច្រើនចោទជាមន្ទិលថាតើនេះមានន័យថាការប្រើប្រាស់នុយក្លេអ៊ែរទំនងជាជិតមកដល់ឬយ៉ាងណា។ ប៉ុន្តែវាជាការរំលឹកមួយថា គោលលទ្ធិរបស់រុស្ស៊ីអនុញ្ញាតឱ្យមានការប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅសមរភូមិ។
– ដំណោះស្រាយការទូត
ត្បិតផ្ទុះសង្គ្រាមយ៉ាងនេះក្តី តើអាចមានដំណោះស្រាយការទូតកើតឡើងទេ?
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ គូថេរ៉េសបាននិយាយថា “ឥឡូវកាំភ្លើងគឺជាអ្នកនិយាយចរចា ប៉ុន្តែផ្លូវនៃការសន្ទនាត្រូវតែបើកចំហជានិច្ច” ។ ពិតណាស់ការសន្ទនានៅតែបន្ត។ ប្រធានាធិបតីបារាំងលោកម៉ាក្រុងបាននិយាយជាមួយលោកប្រធានាធិបតីពូទីនតាមទូរស័ព្ទ។ក្រុមអ្នកការទូតនិយាយថាអារម្មណ៍ចង់ចរចាឥឡូវកំពុងទោរទន់ទៅរកទីក្រុងមូស្គូជាងពេលណាៗទាំងអស់។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺ មន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនបានជួបចរចាគ្នានៅព្រំដែនជាមួយបេឡារូស។ ពួកគេប្រហែលជាមិនបានបង្កើតការរីកចម្រើនអ្វីច្រើនមែន។ ប៉ុន្តែដោយយល់ព្រមលើការចរចានេះ លោកពូទីនហាក់ដូចជាបានទទួលយកលទ្ធភាពនៃបទឈប់បាញ់ដែលបានចរចារួចទៅហើយ។
សំណួរសំខាន់គឺថាតើលោកខាងលិចអាចផ្តល់ជូនច្រកចេញពីសង្គ្រាមនេះបានដែរឬអត់។ ក្រុមអ្នកការទូតនិយាយថាវាជារឿងសំខាន់ដែលមេដឹកនាំរុស្ស៊ីដឹងពីអ្វីដែលខ្លួនត្រូវការដើម្បីឱ្យលោកខាងលិចលុបចោលទណ្ឌកម្ម ដូច្នេះកិច្ចព្រមព្រៀងដើម្បីសង្គ្រោះមុខមាត់ពូទីនយ៉ាងហោចណាស់ក៏នៅតែអាចទៅរួចដែរ។
ពិចារណាលើសេណារីយ៉ូនេះ។ សង្គ្រាមគឺកំពុងមានសភាពអាក្រក់ខ្លាំងឡើងសម្រាប់រុស្សី។ ការដាក់ទណ្ឌកម្មចាប់ផ្តើមធ្វើឱ្យទីក្រុងមូស្គូមានអារម្មណ៍មិនសុខ។ ការជំទាស់បានកើនឡើងនៅពេលថង់ដាក់ធាតុត្រឡប់មកផ្ទះវិញជាហូរហែ។ លោកពូទីនប្រហែលជាឆ្ងល់ថាតើគាត់កំពុងរ៉ាប់រងបន្ទុកធ្ងន់ធ្ងរខ្លាំងពេកឬយ៉ាងណា។ គាត់អាចវិនិច្ឆ័យថាការបន្តសង្គ្រាមអាចជាការគំរាមកំហែងខ្លាំងដល់ការដឹកនាំរបស់គាត់ជាងការអាម៉ាស់នៃការបញ្ចប់សង្គ្រាម។ ចិនធ្វើអន្តរាគមន៍ ដោយដាក់សម្ពាធលើក្រុងមូស្គូឱ្យសម្រុះសម្រួល ដោយព្រមានថាខ្លួននឹងមិនទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ីទេ លុះត្រាតែរុស្ស៊ីបន្ថយការវាយប្រហារ។ ដូច្នេះ លោកពូទីនចាប់ផ្តើមស្វែងរកច្រកចេញ។ ទន្ទឹមនឹងនេះ អាជ្ញាធរអ៊ុយក្រែនមើលឃើញការបន្តបំផ្លាញប្រទេសរបស់ពួកគេកាន់តែខ្លាំងហើយសន្និដ្ឋានថាការសម្របសម្រួលផ្នែកនយោបាយអាចប្រសើរជាងការបាត់បង់ជីវិតដ៏សាហាវបែបនេះ។ ដូច្នេះអ្នកការទូតចូលរួម ហើយកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ អ៊ុយក្រែននិយាយថាទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើតំបន់គ្រីមេ និងផ្នែកខ្លះនៃតំបន់ដុនបា។ ផ្ទុយទៅវិញ លោកពូទីនទទួលស្គាល់ឯករាជ្យភាពរបស់អ៊ុយក្រែននិងសិទ្ធិរបស់ពួកគេក្នុងការធ្វើទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអឺរ៉ុប។ នេះប្រហែលជាមិនទំនងកើតឡើងទេ។ ប៉ុន្តែវាក៏មិនហួសពីការពិតពេកនោះដែរ។
– ពូទីនត្រូវបានបណ្តេញចេញ
ចុះលោក វ្ល៉ាឌីមៀរ ពូទីន ខ្លួនឯងវិញនោះ? នៅពេលដែលគាត់ចាប់ផ្តើមការលុកលុយ គាត់បានប្រកាសថា “យើងត្រៀមខ្លួនសម្រាប់រាល់លទ្ធផលអស់ហើយ”។
ប៉ុន្តែចុះបើលទ្ធផលនោះគឺគាត់ត្រូវបាត់បង់អំណាច? វាប្រហែលមិនអាចនឹកស្មានដល់ទេ។ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរក្នុងពេលបច្ចុប្បន្ន ហើយឥឡូវរឿងបែបនេះត្រូវបានគិតគូរហើយ។ លោក សឺ ឡរិន ហ្វ្រីដមែន (Sir Lawrence Freedman) ជាសាស្ត្រាចារ្យនៃសាលាសឹក្សាសង្គ្រាមអេមីរីទូស (Emeritus)នៅសាកលវិទ្យាល័យឃីងខូលិច (Kings College)ក្នុងទីក្រុងឡុងដ៍ បានសរសេរនៅសប្តាហ៍នេះថា “ឥឡូវនេះ វាទំនងជានឹងមានការផ្លាស់ប្តូររបបនៅទីក្រុងមូស្គូ ក៏ដូចជានៅទីក្រុងគៀវ”។
ហេតុអ្វីបានជាគាត់អាចនិយាយបែបនេះ? ពិតហើយប្រហែលជាលោកពូទីនបានធ្វើសង្គ្រាមដ៏មហន្តរាយ។ ទាហានរុស្ស៊ីរាប់ពាន់នាក់បានស្លាប់។ទណ្ឌកម្មសេដ្ឋកិច្ចកំពុងបង្កផលប៉ះពាល់។ លោកពូទីនបាត់បង់ការគាំទ្រពីប្រជាជន។ ប្រហែលជាមានការគំរាមធ្វើបដិវត្តន៍ប្រជាជន។ លោកប្រើកម្លាំងសន្តិសុខផ្ទៃក្នុងរបស់រុស្ស៊ីដើម្បីបង្ក្រាបការប្រឆាំងនេះ។ ប៉ុន្តែនេះប្រែទៅជាជូរចត់និងឆ្អែតឆ្អន់ចំពោះសមាជិកយោធា ឥស្សរជននយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលងាកមកប្រឆាំងនឹងគាត់វិញ។ លោកខាងលិចបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោកពូទីនចាកចេញ ហើយត្រូវបានជំនួសដោយមេដឹកនាំមានហេតុផលមួយរូបនោះរុស្ស៊ីនឹងឃើញការដកទណ្ឌកម្មមួយចំនួននិងការស្តារទំនាក់ទំនងការទូតធម្មតាឡើងវិញ។ វានឹងមានរដ្ឋប្រហារបង្ហូរឈាមក្នុងវិមានក្រឹមឡាំងហើយពូទីនត្រូវខ្ទាតចេញពីតំណែង។ ជាថ្មីម្តងទៀត នេះប្រហែលជាមិនទំនងកើតឡើងឥឡូវនេះទេ។ ប៉ុន្តែវាមិនមែនថាមិនអាចទៅរួចនោះទេ ប្រសិនបើមនុស្សដែលទទួលបានផលប្រយោជន៍ពីលោកពូទីនលែងជឿថាគាត់អាចការពារផលប្រយោជន៍របស់ពួកគេបាន។
– សេចក្តីសន្និដ្ឋាន
សេណារីយ៉ូទាំងនេះមិនផ្តាច់មុខទៅវិញទៅមកនោះទេ សេណារីយ៉ូខ្លះអាចបញ្ចូលគ្នាដើម្បីបង្កើតលទ្ធផលខុសៗគ្នា។ ប៉ុន្តែទោះជម្លោះនេះចប់ទៅយ៉ាងម៉េចក៏ដោយ គឺពិភពលោកនឹងត្រូវផ្លាស់ប្តូរ។ ពិភពលោកនឹងមិនត្រឡប់ទៅរកស្ថានភាពដដែលដូចពីមុននោះទេ។ ទំនាក់ទំនងរបស់រុស្ស៊ីជាមួយពិភពខាងក្រៅនឹងមានភាពខុសគ្នា។ ឥរិយាបថរបស់អឺរ៉ុបចំពោះសន្តិសុខនឹងត្រូវផ្លាស់ប្តូរ។ ហើយសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ សេរីនិយមប្រហែលជាទើបតែរកឃើញខ្លួនឯងឡើងវិញនៅនឹងកន្លែងដំបូងដែលវាត្រូវបានបង្កើតឡើង៕