ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖​ទីបំផុតសាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​មនុស្ស​ប្រាំ​បីនាក់ដែលជា​អ្នកដឹកនាំ​បាតុកម្ម​ដោយ​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។ នេះ​បើតាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់​សាលាដំបូង​នៅយប់ថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២២។

(តុលាការដោះលែងអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់នៅណាហ្គាលវើលដ៍៖រូបថត ហ្រ្វេសញូវ)

​មនុស្ស​ទាំង​ប្រាំ​បីនាក់​ដែល​ត្រូវបាន​ដោះលែង​នេះមាន​ឈ្មោះ៖ ទី​១.​ឈ្មោះ ឈឹម ស៊ីថរ​, ទី​២. ឈ្មោះ រី សុវណ្ណ​ឌី​, ទី​៣. ឈ្មោះ ស៊ុន ស្រី​ពេជ្រ​, ទី​៤.​ឈ្មោះ ហៃ សុភាព​, ទី​៥. ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​, ទី​៦.​ឈ្មោះ ទូច សិរី​មាស​, ទី​៧. ឈ្មោះ សុខ ណា​រិ​ទ្ធ និង​ទី​៨. ឈ្មោះ ឈឹម សុខន​។​

​ទន្ទឹមនេះដែរ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចាត់​តំណាង​ទៅសួរសុខទុក្ខ ចំពោះ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ព្រមទាំង​ជជែក​គ្នា​អំពី​វេលា​ដែល ត្រូវ​ចរចា​គ្នា ដើម្បី​បញ្ចប់​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​

​គួររំលឹកថា អតីត​បុគ្គលិក​ចំនួន​ប្រាំបី​រូបនេះបានស្នើ​សុំ​ទៅ​ក្រសួង​ការងារ ដើម្បី​បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ធ្វើជា​តំណាង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ តាមច្បាប់ ដោយ​សន្យាថា មិន​ធ្វើ​ការតវ៉ា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គមជាតិ​។​

​នៅក្នុង​លិខិត​ដាច់ដោយឡែក​ចំនួន​ប្រាំបី​សន្លឹក​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ផ្ញើជូន​ក្រសួង​ការងារ​បានបញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏ ក៏ដូចជា​ផលប្រយោជន៍​​ស្របច្បាប់​គ្រប់ភាគី យើងខ្ញុំ​សូម​អំពាវនាវ​ដល់​បុគ្គលិក និង​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏​ទាំងអស់​ដូចខាងក្រោម​៖

* ទី​១. ចំពោះ​បុគ្គលិក និង​កម្មករ​កំពុង​ធ្វើ​កូដកម្ម​មិនទាន់បាន​ចូលធ្វើការ​វិញ សូម​ចូលធ្វើការ​ទាំងអស់គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​នៅ​កន្លែង​ការងារ និង​បង្ក​បរិយាកាស​សម្រាប់​ដោះស្រាយ​វិវាទ​តាមផ្លូវ​ច្បាប់​។​

* ទី​២. ចំពោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ បញ្ឈប់​ពី​ការងារ​សូម​សម្រាក​នៅផ្ទះ ឬ​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​បង្ក​បរិ​កាស​សម្រាប់​យើងខ្ញុំ​ចរចារ ជាមួយ​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដ៏​និង​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទូរ​ទាត់​សំណង​តាមផ្លូវ​ច្បាប់​ជូន​ដល់​បងប្អូន​។​

* ទី​៣. ចំពោះ​បុគ្គលិក ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​កន្លងមក សូម​ឲ្យ​ក្រុមហ៊ុន​កុំ​មាន​គំនុំ​គុំ​គួ​ន ឬ​ដាក់​ទោសទណ្ឌ ឬ​បង្ខំ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ឡើយ​។

គួរបញ្ជាក់ថា គញ្ញា ឈឹម ស៊ីថរ និងលោកសុខ ណារិទ្ធ ដែលជាមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបាន សមត្ថកិច្ចចាប់ ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ហើយត្រូវ បាន តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស កាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ។ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំងពីរនាក់ ត្រូវ បាន សមត្ថកិច្ចចាប់ ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

ឈ្មោះ សុខ ណារិទ្ធ ត្រូវបានចោទពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ២. ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចោទពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២។

ក្នុងសំណុំរឿងនេះដែរសមត្ថកិច្ចក៏បានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួនប្រាំមួយនាក់ទៀតទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
មនុស្សទាំង ប្រាំមួយនាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិ រញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំង ៦ នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២១៕ សរន

(តុលាការដោះលែងអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់នៅណាហ្គាលវើលដ៍៖រូបថត ហ្រ្វេសញូវ)