​ប្រែ​សម្រួលៈ​បំណង​(CGTN)៖ ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​រិះគន់​សហរដ្ឋ​អាម៉េរិក​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រឆាំង​ចិន​ស្តី​ពី​ជម្លោះ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ចា​វ លី​ជៀន​(Zhao Lijian)​បាន​សុំ​ឆ្លើយតប​នៅពេល​លោក​បដិសេធ​ការអះអាង​របស់​មន្ត្រី​អាម៉េរិក​ខ្លះ​ថា រុស្ស៊ី​បាន​សុំ​គ្រឿង​បរិក្ខារ​​យោធា​ពី​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​ច្រានចោល​ការអះអាង​បែបនេះ​។​

​លោក​ចាវ បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​ថា « អាម៉េរិក​បាននិងកំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រឆាំង​ចិន អំពី​បញ្ហា​អ៊ុយ​ក្រែន​ជាមួយនឹង​​ហេតុផល​រសើបៗ​»​។​លោក​បាន​បន្ថែមថា ការប៉ុនប៉ង​ណាមួយ​ដើម្បី​ធ្វើអោយ​ខុស​បំណង​របស់​ចិន​ហើយ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ដើម្បី​មួលបង្កាច់​ចិន​គឺ​ជា​«​ការមិន​​ទទួលខុសត្រូវ​និង​អសីលធម៌​» ក្នុង​បំណង​បង្ក​ការប្រឈមមុខ​និង​ឈ្លៀត​កេងចំណេញ​ពី​ជម្លោះ​នេះ​។​

​ដោយ​កត់សំគាល់ថា ទណ្ឌកម្ម​មិន​ដែល​ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធិភាព​មួយ លោក​ចាវ​បាន​និយាយថា ចិន​ប្រឆាំង​ទណ្ឌកម្ម​ឯ​តោ​ភាគី​ក្នុង​ទំរង់​ណាមួយ​ក៏ដោយ​និង​យុ​ត្តា​​ធិ​ការដៃវែង​របស់​ភាគី​អាម៉េរិក​។​ចិន​នឹង​ការពារ​ដាច់ខាត​សិទ្ធិ​ស្របច្បាប់​និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​សហគ្រាស​និង​បុគ្គល​ចិន​។​

​លោក​ចាវ​ក៏​បាន​ទទូច​អោយ​អាម៉េរិក​បញ្ចេញ​សេចក្តី​ពិស្តារ​បន្ថែម​អំពី​កន្លែង​ពិសោធន៍​ជីវសាស្ត្រ​របស់​ខ្លួន​ជាច្រើន​នៅ​អ៊ុយ​ក្រែ​ន​និង​បើកទ្វារ​ពួកវា​អោយ​អ្នកជំនាញ​អន្តរ​​ជាតិ​ឯករាជ្យ​ចូល​ពិនិត្យ​។​

​សូមបញ្ជាក់​ថា​រុស្ស៊ី​បាន​ចោទប្រកាន់​ថា កាលពី​ពេល​ថ្មីៗ​ខ្លួន​បាន​រកឃើញថា​អាម៉េរិក​ប្រើ​ទីតាំង​ពិសោធន៍​ទាំងនោះ​សំរាប់​កម្មវិធី​ជីវសាស្ត្រ​យោធា​និង​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​​សន្តិសុខ​អំពី​បញ្ហា​នេះ តែ​ត្រូវបាន​ក្រុម​ប្រទេស​លោកខាងលិច​ព្រួត​គ្នា​ចោទថា វា​ជា​លេស​សំរាប់​រុស្ស៊ី​ធ្វើ​ការវាយប្រហារ​អាវុធ​គីមី​និង​ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែន​ទៅវិញ​៕

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ចា​វ លី​ជៀន​