​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការវាយប្រហារ​ដ៏​ប្រល័យ​បាន​អង្រួន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទទី​១៤​មីនា ខណៈ​រុស្ស៊ី​គំរាម​ថា​នឹង​គ្រប់គ្រង​ទីក្រុង​ធំៗ​ទាំងស្រុង​បើទោះបីជា​មាន​ការចរចា​ថ្មីៗ​ដើម្បី​​បញ្ឈប់​ការឈ្លានពាន​ដ៏​សាហាវ​នេះ​ក៏​ដោយ​។​

​នៅ​ថ្ងៃទី ១៩ នៃ​ការ​លុក​លុយ កិច្ចចរចា​ជុំ​ទី​៤​មិន​ទទួលបាន​លទ្ធផល​អ្វី​ក្រៅតែពី​ការបន្ត​ការចរចា​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​រដ្ឋធានី​គៀវ ខណៈ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយថា បំណែក​ពី​ការបាញ់​ទម្លាក់​មី​ស៊ី​ល Tochka-U​របស់​អ៊ុយ​ក្រែន​បាន​ធ្លាក់​ចំ​កណ្តាល​ទីក្រុង​​ដូណិត​ស៍ (Donetsk) នៅ​ភាគ​ខាងកើត ដោយ​សម្លាប់​មនុស្ស ២៣ នាក់​។​

​ទីក្រុង​មូ​ស្គូ​បាន​ហៅ​វា​ថា​ជា “​ឧក្រិដ្ឋកម្ម​សង្គ្រាម​” ហើយ​ពួក​ឧទ្ទាម​បាន​ចេញផ្សាយ​រូបថត​នៃ​សាកសព​ហូរ​ឈាម​រដូករណែល​ពេញ​ផ្លូវ​ទោះបី​កងទ័ព​អ៊ុយ​ក្រែន​បាន​បដិសេធ​ថា​មិន​បាន​បាញ់​មី​ស៊ី​ល​​លើ​ទីក្រុង​ក៏ដោយ​។​

​នៅក្នុង​តំបន់​លូ​ហា​នស៍ (Luhansk)​ជិតខាង មេបញ្ជាការ​អ៊ុយ​ក្រែនលោក សឺ​ហ្គី ហ្គាយ​ដេ (Sergiy Gaiday) បាន​និយាយថា​តំបន់​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែន​ទាំងស្រុង​កំពុង​ត្រូវ​បាន​ទម្លាក់​​គ្រាប់បែក​ជ្រំ រួម​ទាំង​ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន បណ្តាញ​ទឹកស្អាត​ឧស្ម័ន​និង​អគ្គិសនី ព្រមទាំង​រថភ្លើង​ដែល​ជម្លៀស​ជន​ស៊ីវិល​ផងដែរ​។​

​អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​មនុស្ស​ជិត ២,៨ លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែន​ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានចាប់ផ្តើម​ការវាយលុក​ទាំង​​ផ្លូវគោក​និង​ផ្លូវអាកាស​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ ដែល​ភាគច្រើន​នៃ​ពួក​គេ​គឺរ​ត់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ការផ្គត់ផ្គង់​ដល់​អ្នក​មក​ដល់​។​

​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា នៅ​ខាងក្រៅ​ទីក្រុង​រី​វ​ណេ (Rivne)​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុ​យក្រែន មនុស្ស ៩ នាក់​បាន​ស្លាប់ និង ៩ នាក់​ផ្សេងទៀត​បាន​រងរបួស​កា​លពី​ថ្ងៃ​ចន្ទ នៅពេល​ដែល​កងកម្លាំង​រុស្ស៊ី​វាយប្រហារ​ទៅលើ​អង់​តែ​ន​ទូរទស្សន៍​មួយ​។​

​លោក វី​តា​លី កូវ៉ា​ល់ (Vitaliy Koval) ជា​ប្រធាន​រដ្ឋបាល​ប្រចាំ​តំបន់​បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ Telegram ថា​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រឹងប្រែង​សង្គ្រោះ​អ្នក​នៅ​រស់​នៅ​ជាប់​ក្រោម​​គំនរ​បាក់បែក​ក្នុងភូមិ​អាន​តូ​ពី​ល (Antopil)៕

​ការប្រយុទ្ធ​គ្នា​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​កាន់តែ​ខ្លាំងក្លា​ទោះ​មាន​ការចរចា​ក៏ដោយ។IMF ព្រមានថាសេដ្ឋកិច្ចអ៊ុយក្រែននឹងដួលរលំបើសង្រ្គាមអូសបន្លាយ