ប្រែសម្រួលៈបំណង(ST)៖ ក្រោយកិច្ចពិភាក្សាយ៉ាង«តានតឹង»កាលពីថ្ងៃចន្ទទី១៤មីនា អាម៉េរិកបានព្រមានចិនកុំអោយជួយរដ្ឋាភិបាលក្រុងមូស្គូក្នុងការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែននៅពេលបាតុកម្មប្រឆាំងសង្គ្រាមបានរំខានដល់ការផ្សាយរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី។
ទាហានរុស្ស៊ីនៅមិនទាន់ដណ្តើមបានទីក្រុងណាមួយក្នុងចំណោមទីក្រុងធំៗទាំងដប់នៅអ៊ុយក្រែនចាប់តាំងពីពេលចាប់ផ្តើមបើកប្រតិបត្តិការយោធាកាលពីថ្ងៃ២៤កុម្ភៈ។រដ្ឋាភិបាលក្រុងមូស្គូហៅវាថាជា«ប្រតិបត្តិការយោធាពិសេស»មួយដើម្បីដកឥទ្ធិពលណាស៊ីចេញពីប្រទេសនេះ ។
ជុំវិញសង្គ្រាមនៅអ៊ុយក្រែននេះដែរ រុស្ស៊ីបានបដិសេធរបាយការណ៍អាម៉េរិកដែលថាខ្លួនស្នើសុំជំនួយយោធានិងសេដ្ឋកិច្ចពីរដ្ឋាភិបាលក្រុងប៉េកាំង ហើយថារុស្ស៊ីមានប្រភពធនធានគ្រប់គ្រាន់សំរាប់បំពេញសេចក្តីត្រូវការរបស់ខ្លួន។
ក្រសួងការបរទេសចិន បានហៅរបាយការណ៍សុំជំនួយនេះថាជា«ការផ្សព្វផ្សាយព័ត៌មានមិនពិត»។
នៅពេលទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ជេក ស៊ុលលីវ៉ាន បានជួបពិភក្សាជាមួយមន្ត្រីការទូតកំពូលចិនលោក យ៉ាង យីជិ នៅក្រុងរ៉ូមកាលពីម្សិលមិញ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា ចិនបានបង្ហាញបំណងផ្តល់ជំនួយទៅអោយរុស្ស៊ី។មុននេះសារព័ត៌មានអាម៉េរិកដែលនិយាយយោងតាមមន្ត្រីអាម៉េរិកសុំមិនបញ្ចេញឈ្មោះបាននិយាយថារុស្ស៊ីបានស្នើសុំជំនួយសេដ្ឋកិច្ចនិងយោធាពីចិនសំរាប់សង្គ្រាមអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «យើងបានបញ្ជាក់ប្រាប់រដ្ឋាភិបាលក្រុងប៉េកាំងច្បាស់ហើយថា យើងមិនអត់ឳនអោយទេ។យើងនឹងមិនអនុញ្ញាតអោយប្រទេសណាមួយទូរទាត់សងរុស្ស៊ីចំពោះការខាតបង់របស់ខ្លួន»ឡើយ។
ជំនួបប្រាំពីរម៉ោងត្រូវបានគេរាយការណ៍ថា«តានតឹង»និងបានឆ្លុះបញ្ចាំង«ភាពធ្ងន់ធ្ងរនៃកាលៈទេសៈនេះ»។
លោកខាងលិចកំពុងថ្លឹងថ្លែងថាតើត្រូវចាត់ការយ៉ាងណាជាមួយចិនដែលជាអ្នកនាំចេញកំពូលលើសកលលោក និងជាអ្នកផ្គត់ផ្គង់ទំនិញទីមួយសំរាប់អាម៉េរិក៕