ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​អង្គការ​សហប្រជាជាតិ​លោក​អង់​តូ​នីញ៉ូ គូថេ​រ៉េ​ស​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មីនា​ថា ពិភពលោក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដើម្បី​ទប់ស្កាត់​”​ព្យុះ​សង្ឃ​​រា​នៃ​ភាពអត់ឃ្លាន​និង​ការ​រលំរលាយ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​សកលលោក​” បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​លោក​អគ្គលេខាធិការ​បា​ន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​ថា ហានិភ័យ​នៃ​សង្គ្រាម​នឹង​បង្ក​ឱ្យមាន​ផលវិបាក​ដ៏​ធំធេង​សម្រាប់​ការផ្គត់ផ្គង់​ស្បៀង​អាហារ​សកល​ដែល​នឹង​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​​ដល់​ប្រទេស​ក្រីក្រ​បំផុត​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា “​សង្គ្រាម​នេះ​គឺ​ហួស​ពី​អ៊ុយ​ក្រែ​នហើយ វា​ក៏​ជា​ការវាយលុក​ទៅលើ​ប្រជាជន​និង​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក​ផង​ដែរ​”​។​

​លោក​បាន​និយាយថា សូម្បី​មុន​ពេល​សង្គ្រាម ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង “​ជួប​ការលំបាក​រួចជាស្រេច​ក្នុងការ​ងើប​ឡើងវិញ​ពី​ជំងឺ​រាតត្បាត រួម​ជាមួយ​អតិផរណា អត្រា​ការប្រាក់​កើនឡើង​ខ្ពស់​និង​​បន្ទុក​បំណុល​ដែល​កំពុង​កើនឡើង​”​។​

​លោក​គូថេ​រ៉េស​បាន​និយាយដោ​យក​ត់​សម្គាល់ថា “​ឥឡូវនេះ​ធុង​នំប៉័ង​របស់​ពួកគេ​កំពុង​ត្រូវបាន​ទម្លាក់​គ្រាប់បែក​” ដោយ​កត់សម្គាល់​ថា​អ៊ុយ​ក្រែន​បាន​ផ្តល់​ការផ្គត់ផ្គង់​ស្រូវ​សាលី​សម្រាប់​កម្មវិធី​​ស្បៀងអាហារ​ពិភពលោក​ជាង​ពាក់កណ្តាល​។​

​លោក​បាន​ព្រមាន​ថា ស​ន្ទ​ស្សន៍​តម្លៃ​ស្បៀងអាហារ​សកល​របស់​អង្គការសហប្រជាជាតិ គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន ហើយ​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ចំនួន ៤៥​របស់​ពិភពលោក​បាន​​នាំចូល​ស្រូវ​សាលី​យ៉ាងហោចណាស់​មួយ​ភាគ​បី​របស់​ពួកគេ​ពី​អ៊ុ​យក្រែន ឬ​រុស្ស៊ី​។​ពួកគេ​រួម​មាន បួ​គី​ណាហ្វា​សូ អេ​ហ្ស៊ី​ប សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ លី​បង់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ និង​យេ​ម៉ែន​។​

​លោក​គូថេ​រ៉េស​បាន​អង្វ​រថា “​យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើទៅបាន​ដើម្បី​បញ្ជៀ​ស​ព្យុះសង្ឃរា​នៃ​ភាពអត់ឃ្លាន​និង​ការ​រលំរលាយ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​សកលលោក​”​ដោយ​អំពាវនាវ​ឱ្យ​​បញ្ចប់​អរិភាព​ជាបន្ទាន់​៕

ប្រធាន​អង្គការ​សហប្រជាជាតិ​លោក​អង់​តូ​នីញ៉ូ គូថេ​រ៉េស