ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទទី១៤មីនាថា អាល្លឺម៉ង់នឹងជំនួសយន្តហោះទម្លាក់គ្រាប់បែក Tornadoចាស់ៗមួយចំនួនរបស់ខ្លួនជាមួយនឹងយន្តហោះ F-35A Lightning II ដែលផលិតដោយសហរដ្ឋអាម៉េរិកដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ។
ដោយប្រកាសពីការសម្រេចចិត្តនេះ រដ្ឋមន្ត្រីការពារជាតិលោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បាននិយាយថា អាល្លឺម៉ង់ក៏នឹងធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង Eurofighter Typhoon របស់ខ្លួនសម្រាប់សង្គ្រាមអេឡិចត្រូនិកផងដែរ ជាសមត្ថភាពមួយដែលបច្ចុប្បន្នត្រូវបានបំពេញដោយយន្តហោះ Tornado ។ លោកស្រីបាននិយាយថា យន្តហោះចម្បាំង Eurofighter នឹងត្រូវជំនួសចាប់ពីឆ្នាំ ២០៤០ ជាមួយនឹងប្រព័ន្ធយន្តហោះប្រយុទ្ធនាពេលអនាគត ឬ FCAS ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយបារាំងនិងអេស្ប៉ាញ។
មេបញ្ជាការកងទ័ពអាកាសអាល្លឺម៉ង់លោក អ៊ីនហ្គោ ហ្គឺហាត់ស៍ (Ingo Gerhartz)បាននិយាយថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យមានភាពចាំបាច់ក្នុងការជ្រើសរើសយន្តហោះ F-35របស់ក្រុមហ៊ុន Lockheed Martin។ ពីមុនរដ្ឋាភិបាលបានពិចារណាជំនួសយន្តហោះ Tornados របស់ក្រុមហ៊ុន Luftwaffe ជាមួយនឹងយន្តហោះផ្សេង ដែលផលិតដោយសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។
លោកហ្គឺហាត់ស៍បាននិយាយថា “វាអាចមានចម្លើយតែមួយគត់ចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ការរួបរួមនៅក្នុងអង្គការណាតូនិងការទប់ទល់ដ៏គួរឱ្យជឿជាក់។នេះមានន័យជាពិសេសថា គ្មានជម្រើសអ្វីក្រៅពីជ្រើសរើសយន្តហោះ F-35 នោះឡើយ”។
យោធាអាល្លឺម៉ង់មិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនទេ ប៉ុន្តែជាផ្នែកមួយនៃប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ ប្រទេសនេះបានរក្សាយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពអាចផ្ទុកគ្រាប់បែកបរមាណូរបស់អាម៉េរិក ដែលគ្រាប់ខ្លះគឺរក្សាទុកក្នុងប្រទេសអាល្លឺម៉ង់។
គណបក្សឆ្វេងនិយម ដែលជាបក្សប្រឆាំង បានរិះគន់ការសម្រេចចិត្តទិញយន្តហោះ F-35 ជាង៣០គ្រឿងសម្រាប់យោធាអាល្លឺម៉ង់។
លោក អាលី អាល់ដៃឡាមី (Ali Al-Dailami) អ្នកនាំពាក្យរងផ្នែកការពារជាតិរបស់គណបក្សបាននិយាយថា “យើងបដិសេធការបំពាក់យន្តហោះថ្មីមានសមត្ថភាពនុយក្លេអ៊ែរដល់កងទ័ពអាល្លឺម៉ង់”។ លោកបានព្រមានថា ការតម្រូវឱ្យអាកាសយានិកអាល្លឺម៉ង់ទម្លាក់គ្រាប់បែកបរមាណូរបស់អាម៉េរិកអាច “បញ្ឆេះហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនៅអឺរ៉ុប”៕
យន្តហោះ F-35B របស់អាម៉េរិក