ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ បើ​ពុំមានអ្វី​ប្រែប្រួល​ទេ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយ​នា​វី និង​ពល​នា​វឹក​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ នេះ នៅ​សណ្ឋាគារ​សុខា​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​ដែល នាវា​ស្វ័យការពារ​ជប៉ុន ចំនួន ពីរគ្រឿង ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​អបអរសាទ​ខួប​លើក​ទី​៣០ នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា នាវា​ស្វ័យការពារ​ជប៉ុន ចំនួន ២​គ្រឿង ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​។ ហើយ​នៅ​ថ្ងៃទី​១៥ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នាយ​នា​វី និង​ពល​នា​វឹក​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន និង​នៅ​ថ្ងៃទី​១៦ ខែមីនា កងទ័ព​ស្វ័យការពារ​ជប៉ុន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កំពង់ផែ​រាម​។

​សូមជម្រាបថា នាវា​ស្វ័យការពារ​ជប៉ុន​ចំនួន​ពីរ​គ្រឿង​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គ្រោង​នឹង​ចូល​ចត នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៤-១៧ ខែមីនាដើម្បី​សម្តែង​ការគួរសម និង​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​កម្ពុជា និង​ជាការ​រំលឹក​អបអរសាទ​ខួប​លើក​ទី​៣០ នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
​នាវា​ស្វ័យការពារ​ជប៉ុន​ទាំងពីរ​គ្រឿង​មានដូចជាៈ នាវា​ទី​១. ឈ្មោះ URAGA – 463 ជា​ប្រភេទ​នាវា​ប្រឆាំង​មីន​មាន​បណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅ​ទឹក ៥,៤ ម៉ែត្រ មាន​ទំងន់​ផ្ទុក ៥.៦៥០ តោន និង​មាន​នាវិក ចំនួន ១២៦ នាក់ ។ នាវា​ទី​២. ឈ្មោះ HIRADO – 305 មាន​បណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ​ជម្រៅ​ទឹក ២,៧ ម៉ែត្រ មាន​ទំងន់​ផ្ទុក ៦៩០ តោន និង​មាន​នាវិក ចំនួន ៥៤ នាក់​។​
​នាវា​ទាំង ពីរ​គ្រឿង​នេះ ដឹកនាំ​បញ្ជា​រួម ដោយ​លោក Noguchi Yasushi មេបញ្ជាការ កងពលធំ​ទី​១ បោសសំអាត​មីន ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​៕សរន