ដោយៈសុផល/ភ្នំពេញៈដើម្បីការពារផ្លូវទឹកធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យបានកាន់តែប្រសើរ ឥឡូវនេះ នាយកប្រតិបត្តិថ្មីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC,អឹម អ ស៊ី)កំពុងជួបជាមួយនឹង ប្រទេសជាសមាជិកស្តាប់ដោយផ្ទាល់ពីអាទិភាពរបស់បណ្តាប្រទេសទាំងនេះ ជាពិសេសសំដៅកាត់បន្ថយការគំរាម កំហែងកំពុងកើនឡើងលើជីវិតនិងជីវភាពរបស់ប្រជាជន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អឹម អ ស៊ី ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ១៤ខែមីនាឆ្នាំ២០២២ បានឱ្យដឹងថា បណ្ឌិត អានុល័ក ខិធិឃួន ដែលត្រូវបានជ្រើសតាំងនៅខែមករាជានាយកប្រតិបត្តិជនជាតិឡាវដំបូង សម្រាប់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងវៀតណាម ក្នុងខែនេះ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់នានា ពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។
ប្រភពដដែលបន្តថា លើសពីគោលបំណងក្នុងការធ្វើឲ្យភាពជាដៃគូថ្នាក់តំបន់ និងអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ អាទិភាពចំបងបំផុតមួយ គឺការពង្រីកនូវកិច្ចខិតខំប្រឹងប្រែង តាមដាន និងវាស់ស្ទង់ពីរបៀបដែលការអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុ រួមទាំងទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែច្រើន ជះឥទ្ធិពលលើប្រជាជនរាប់លានអ្នក រស់នៅតាមអាងទន្លេមេគង្គក្រោម។
បណ្ឌិត អានុល័ក ដែលបានបម្រើការជាងមួយទសវត្សរ៍នៅឯលេខាធិការដ្ឋាន MRCមុនពេលត្រូវបានជ្រើសរើសដោយ សំឡេងជាឯកច្ឆន្ទនៅខែមករា ជានាយកប្រតិបត្តិទី៣ មកពីប្រទេសតាមដងទន្លេមេគង្គ បានលើកឡើងថា “កិច្ចពិភាក្សាដោយបើកទូលាយនេះ នឹងជួយខ្ញុំឲ្យអនុវត្តកម្មវិធីកិច្ចការកាន់តែមានឥទ្ធិពលបន្ថែមទៀត សម្រាប់អាងទន្លេ ដែលអនុលោមយ៉ាងជិតស្និទ្ធទៅនឹងអាទិភាពថ្នាក់ជាតិ និងតំបន់។ យើងត្រូវតែមានគំនិតបែបនវានុវត្តន៍ ព្រោះថា MRC បានក្លាយជាស្ថាប័នថ្នាក់តំបន់ដ៏រឹងមាំមួយ បំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ និងចំណេះដឹងទំនើប ដែលអាចផ្តល់សេវាកម្មទាន់ពេលវេលាដល់ប្រទេសនានា និងប្រជាពលរដ្ឋរបស់ខ្លួន”។
MRC រួមមានប្រទេសចំនួនបួន ដែលទទួលបានប្រយោជន៍ផ្ទាល់ពីការអភិវឌ្ឍន៍ពាក់ព័ន្ធទន្លេមេគង្គ នោះគឺប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងឋានៈពិសេសសម្រាប់ប្រទេសជិតខាង នៅភាគខាងជើងទាំងពីរ គឺប្រទេសចិន និងមីយ៉ាន់ម៉ា។ ប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំងនេះ មានផលប្រយោជន៍សម្រាប់ថ្នាក់ជាតិរៀងៗខ្លួន អាទិភាពជាក់លាក់ និងបញ្ហាប្រឈមខុសៗគ្នា ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការមានភាពស្មុគស្មាញ ប៉ុន្តែមានតម្លៃគួរឲ្យពេញចិត្ត។
កាលពីថ្ងៃទី២ ខែមីនា បណ្ឌិត អានុល័ក បានជួបជាមួយនឹងលោក លឹម គានហោ ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ នាទីក្រុងភ្នំពេញ។ ឯកឧត្តម លឹម គានហោ បានបង្ហាញពីតម្រូវការក្នុងការតាមដាន និងចែករំលែកទិន្ន័យជលសាស្ត្រកាន់តែច្រើន ដើម្បីវាស់ឲ្យបានត្រឹមត្រូវពីផលប៉ះពាល់នៃរំហូរទាប ឬខ្ពស់លើសុខមាលភាពសង្គម-សេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់ នៅឆ្នាំ២០២២ ប្រទេសចិន បានចាប់ផ្តើមចែករំលែកទិន្នន័យរដូវប្រាំងរបស់ខ្លួន បន្ថែមពីលើទិន្នន័យរដូវវស្សា។ ទោះជាយ៉ាងនេះក្តី MRC គប្បីនាំមុខក្នុងការបង្កើតនូវទិដ្ឋភាពកាន់តែពេញលេញមួយតាមរយៈការដំឡើងស្ថានីយតាមដានបន្ថែមទៀតលើដៃទន្លេមេ គង្គផងដែរ។
ប្រភពដដែលបន្តថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកក្រុមប្រឹក្សា MRC សម្រាប់ប្រទេសកម្ពុជា បានថ្លែងថា “ជាមួយនឹងទិន្នន័យកាន់តែច្រើន នៅក្នុងរយៈពេលកាន់តែយូរ យើងអាចបង្កើតបាននូវនិន្នាការច្បាស់លាស់ ព្យាករពីលំនាំនាពេលអនាគត និងអនុវត្តប្រព័ន្ធជូនដំណឹងជាមុនមួយដែលមានប្រសិទ្ធភាព។ ដោយមានការយល់ដឹងរួមគ្នា យើងអាចចាត់វិធានការដែលកាន់តែមានឥទ្ធិពលសម្រាប់រយៈពេលខ្លី និងមធ្យមបាន”។
បន្ទាប់មក នៅថ្ងៃទី១០ ខែមីនា បណ្ឌិត អានុល័ក បានជួបជាមួយនឹងបណ្ឌិត ត្រាន់ ហុងហា រដ្ឋមន្ត្រី និងលោក ឡឺ កុងថាច់ អនុរដ្ឋមន្ត្រីនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសវៀតណាម នាទីក្រុងហាណូយ។ លោករដ្ឋមន្ត្រី ហា ដែលបានបម្រើការជាសមាជិកក្រុមប្រឹក្សា MRC សម្រាប់ប្រទេសវៀតណាម ក៏បានជំរុញឲ្យ MRC សិក្សាស្វែងរកនូវដំណោះស្រាយថាមពលកាន់តែច្រើន ដែលមិនប៉ះពាល់ដល់បរិស្ថាន បន្ថែមពីលើការប្រើប្រាស់វារីអគ្គិសនីនាពេលបច្ចុប្បន្ន និងលើកឡើងពីគម្រោងធំ និងទំនើបៗ ដែលប្រទេសជាសមាជិកសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត។
ដូចលោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាក់ចំពោះលោករួចមកហើយ រដ្ឋមន្ត្រី ហា ក៏បានសង្កត់ធ្ងន់ពីការពង្រឹងចំណងដ៏រឹងមាំក្នុងចំណោមប្រទេសជាសមាជិក MRC ព្រមទាំងដៃគូនានា រួមមានយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ កិច្ចសហប្រតិបត្តិការឡាងឆាង-មេគង្គ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្តាលប្រទេស ដូចជាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន។
លោក ហា បានពោលថា “យើងត្រូវធានាថា កិច្ចសហប្រតិបត្តិការនេះ ស្ថិតនៅទីនេះ ព្រោះវាជាអ្វីដែលធ្វើឲ្យអាងទន្លេរបស់យើង មានភាពផ្សារភ្ជាប់គ្នា រីកចម្រើនរុងរឿង និងមានសុវត្ថិភាព។ នៅក្នុងដំណើរការនេះ MRC នឹងបន្តធ្វើជាគំរូមួយសម្រាប់អាងទន្លេផ្សេងទៀត នៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន”។
បណ្ឌិត អានុល័ក ក៏បានជួបជាមួយនឹងថ្នាក់ដឹកនាំឡាវ នៅទីក្រុងវៀងចន្ទន៍ ដែលជាស្នាក់ការកណ្តាលរបស់ MRC ផងដែរ។ ឥឡូវនេះ ក្រុមរបស់លោក កំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ទីក្រុងបាងកក និងប៉េ កាំង ដើម្បីជួបជាមួយនឹងតំណាងប្រទេសថៃ និងភាគីប្រទេសចិន។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ស្ថាប័ននេះ បំពេញតួនាទីជាវេទិកាថ្នាក់តំបន់សម្រាប់ការទូតទឹក ក៏ដូចជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងអំពីការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍន៍តំបន់នេះប្រកបដោយចីរភាព៕សរន