ដោយ: ភ្នំខៀវ / បាត់ដំបង: អាជ្ញាធរខេត្តបាត់ដំបង ចុះរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារណាត់ បាត់ដំបង ដើម្បីសម្រួលចរាចរណ៍ ដែលកកស្ទះរាប់ឆ្នាំ ដោយសារអាជីវករលក់ដូរ និងដាក់ផ្ញើកង់ ម៉ូតូលើគន្លងផ្លូវ។
នៅក្នុងយុទ្ធនាការរៀបចំ របៀបរៀបរយ នៅថ្ងៃទី១៤ ខែមីនានេះ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា: ក្រោមគំនិតផ្តួចផ្តើម របស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្រេចសម្រួល កែលម្អលើចំណុចសំខាន់ៗ ចំនួនបី ដែលជាបញ្ហាប្រឈម កន្លងមក ក្នុងនោះរួមមាន: ទី១ ដោះស្រាយលើជនអនាថា ទី២ សោភ័ណភាពក្រុង ក្នុងតំបន់ មានអាគារបុរាណអភិរក្ស និងក្រៅតំបន់អភិរក្ស និងទី៣ ដោះបញ្ហាអនាម័យបរិស្ថាន។
ចំណាត់ការជំហានចំពោះមុខ ក្រុមការងារ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ទីផ្សារ សំខាន់ៗនៅក្នុងទីប្រជុំជនក្រុងនានា ជាក់ស្តែង កន្លងមក បានរៀបចំនូវ ផ្សារបឹងឈូក ហើយចំពោះមុខនេះទៀតសោត បានរៀបចំកែលម្អ ផ្សារណាត់បាត់ដំបង ដោយសារកន្លងមកបងប្អូនអាជីវករ បានដាក់លក់ដូរទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ និងដាក់ផ្ញើកង់ ម៉ូតូ នៅលើគន្លងផ្លូវ បង្កការកកស្ទះ មិនអាចធ្វើចរាចរណ៍ បានងាយស្រួល ពីសំណាក់សាធារណ ជន ក្នុង និងក្រៅខេត្តឡើយ។
លោក ឆាយ ម៉ាទីណាល់ បានបន្តថាៈ ក្រោយបញ្ចប់នូវ ការរៀបចំដំណាក់កាលទី១ និងបន្តជំហានទី២ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវលេខ១, លេខ១កន្លះ, លេខ ២, លេខ២កន្លះ ហើយនឹងកំណាត់ផ្លូវលេខ៣ ផងដែរ ដោយផ្តោតលើការរៀបចំសំយ៉ាប ខ្នងផ្ទះនីមួយៗ តម្រូវឲ្យម្ចាស់ផ្ទះ ចូលរួមកាត់តម្រឹម ត្រឹម១ ភាគ៣ នៃខឿនចំណីផ្លូវតែប៉ុណ្ណោះ ព្រមទាំងរៀបចំស្លាកពាណិជ្ជកម្ម ឲ្យប្រសើរតាមការកំណត់ របស់មន្ត្រីជំនាញ។
ភាពចាំបាច់ នៃការចុះរៀបចំ ពង្រឹងច្បាប់ខាងលើនេះដែរ ក្នុងគោលបំណងឈានទៅដល់ ការរក្សាតំណែងផ្ការំដួលបីទង ទីក្រុងទេសចរណ៍អាស៊ាន ស្រស់បំព្រង ពណ៌បៃតង ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះចាំបាច់ត្រូវ ប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចឲ្យសាកសមជាម្ចាស់ផ្ទះផ្តល់នូវភាពកក់ក្តៅ អនាម័យបរិស្ថាន និងស្ថេរភាព ជូនដល់ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិ៕/V