ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ការផ្ដល់ឱកាស ដល់កីឡាករ កីឡាការិនី ជម្រើសជាតិ ចេញទៅចូលឆ្នាំ នៅតាមផ្ទះរៀងៗខ្លួននោះ ពេលនេះ កំពុងតែស្ថិតនៅក្នុងភាពប្រទាំងប្រទើស នៅឡើយទេ ។
លោក ស សុខា ដែលជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថាៈ បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ កីឡាករ កីឡាការិនី ជម្រើសជាតិ ត្រូវបានអនុញ្ញាត ឲ្យទៅស្រុកភូមិ បន្ទាប់ពីអាក់ខាន ចំនួន ២ ឆ្នាំ ដោយសារកូវីដ ១៩ ហើយការអនុញ្ញាតឲ្យទៅនេះ ធ្វើឡើងក្រោមលក្ខខ័ណ្ឌឲ្យសាមីសហព័ន្ធ ត្រូវតែពិនិត្យ លើកីឡាករ កីឡាការិនី ដែលកំពុងតែប្រមូលផ្ដុំនេះ ឲ្យបានខ្ពស់បំផុត ។
ការពិនិត្យលើការដើរហើរ របស់ក្រុមជម្រើសជាតិ ព្រោះប្រភេទកីឡា មួយចំនួន ត្រូវចេញ ដំណើរ ទៅកាន់ប្រទេសវៀតណាម ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ឧសភា ដើម្បីចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅទីនោះ។ វាកំពុងតែមានស្ថិត នៅក្នុងការជជែកវែកញែគ្នា នៅឡើយទេ ។ ពេលនេះ ទោះបីស្ថានភាពកូវីដ១៩ វាហាក់ដូចជាមិនសូវបង្កឲ្យ មានភាពធ្ងន់ធ្ងរនោះ ក៏ពិតមែន។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) ការអនុញ្ញាតឲ្យពួកគេទៅផ្ទះ ក្នុងអំឡុងចូលឆ្នាំខ្មែរ គឺពិតជាមានហានិភ័យ ខ្ពស់មែន ព្រោះប្រសិនបើគេ ត្រឡប់មកវិញ ដោយមានផ្ទុកមេរោគកូវីដ ១៩ នោះ យើងនឹង មានការលំបាក ព្រោះពេលវេលា ចេញទៅចូលរួមស៊ីហ្គេម នៅវៀតណាម វាកាន់តែកៀក មែនទែនហើយ ។
លោក ប៉ុន សុខ ដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាស្ថាប័នគ្រប់គ្រង ការប្រមូលផ្ដុំ នៃក្រុមកីឡាករ កីឡាការិនីជម្រើសជាតិនោះ បានប្រាប់ឲ្យដឹងថាៈ ពេលនេះ លោកកំពុងតែរង់ចាំមើល ការសម្រេចរបស់ថ្នាក់លើ។ បើថ្នាក់លើសម្រេចឲ្យបិទខ្ទប់លោក
នឹងបិទខ្ទប់បន្ត ដើម្បីឲ្យពួកគេហ្វឹកហាត់បន្ត តែបើសម្រេចឲ្យពួកគេ ទៅចូលឆ្នាំ នៅផ្ទះនោះ លោកក៏សម្រេចតាមដែរ ។
ទោះជាយ៉ាងណា ក៏លោកទទួលស្គាល់ថា វាអាចនឹងជួបហានីភ័យមែន ហើយព្រោះពេល វេលា សម្រាប់ចេញទៅ ប្រទេសវៀតណាម ក៏កាន់តែមកដល់កៀក មែនទែនហើយ៕/V