ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមដំណើរការសន្និបាត បូកសរុប លទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានថ្នាក់ដឹកនាំ ចូលរួមផ្ទាល់ ជាភ្ញៀវកិត្តិយស ប្រមាណជា ១០០ នាក់ និងមួយចំនួន ទៀត ចូលរួម តាមរយៈប្រព័ន្ធវីដេអូស៊ូមមានរយៈពេលពេញមួយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ។
បន្ទាប់ពីពិធីចាប់ផ្តើមលោក សួស គង់ រដ្ឋលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍ ស្តីពីលទ្ធផលការងារ ដែលក្រសួងអនុវត្ត បាននៅក្នុងឆ្នាំ២០២១ថា មានយន្តការចំនួន ដូចជាឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលបំណង គោលនយោបាយចម្បង គឺ“ការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌” និងបានកំណត់ យកសរសរស្តម្ភ ៤ ដែលដើរតួជាកម្មវិធីអាទិភាព មានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវា គាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
នៅក្នុងរបាយការណ៍ ដែលអានដោយលោក សួស គង់ បានបង្ហាញឱ្យឃើញទៀតថា ឆ្នាំកន្លងទៅនេះ ក្រសួងបានផ្តោតការយកចិត្តទុកដាក់ លើការងារជាសារវ័ន្ត ចំនួន៧ រួមមានការកែលម្អ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជាជនជនបទ, កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រនិងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង,ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈបឋម សំដៅបើកទូលាយ ដល់ប្រជាពលរដ្ឋ ជ្រើសរើសមុខរបរថ្មីបន្ថែម, លើកកម្ពស់ផលិតភាព និងប្រាក់ចំណូល, អភិវឌ្ឍន៍ជនបទប្រកប ដោយចីរភាព, កម្មវិធីអភិវឌ្ឍន៍ជនបទ ចម្រុះថ្នាក់គ្រួសារ ភូមិ ឃុំ ដូចជា អភិវឌ្ឍន៍ផ្លូវលំជនបទ ការផ្គត់ផ្គង់ ទឹកជនបទ ការថែទាំសុខភាពបឋម ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ, និងការពង្រឹង រចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទ គ្រប់ជាន់ថ្នាក់។
ការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ រយៈកាល ៣ ឆ្នាំ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានលទ្ធផល ក្នុងឆ្នាំជាច្រើន គួរឱ្យកត់សម្គាល់ ទោះជាស្ថិត ក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ក៏ដោយ ហើយបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិ ច្ចសង្គមកិច្ច វប្បធម៌ និងបរិស្ថាន។
លោក សួស គង់ បានបញ្ជាក់ នៅក្នុងរបាយការណ៍ថា ដើម្បីធានាសម្រេចឱ្យបាន នូវសរសរ ស្តម្ភទាំង៤ និងការងារជាសារវ័ន្ត ទាំងអស់ខាងលើ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់សូចនាករ មេសំខាន់ៗ ចំនួន ១១ សម្រាប់ជា មូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលសមិទ្ធកម្ម ប្រចាំឆ្នាំ ២០២១ រួមមាន ការងារជួសជុល និងថែទាំផ្លូវជនបទ ឱ្យបានប្រវែង ៤ ១០២,៧០ គីឡូម៉ែត្រ, ស្ថាបនាពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទ ឱ្យបានប្រវែង ៥០០ គីឡូម៉ែត្រ, អត្រាប្រជាជន ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត នៅជនបទ ឱ្យបានចំនួន ៧៨ ភាគរយ, អត្រាប្រជាជន នៅជនបទ ទទួលបានសេវាអនាម័យល្អ ឱ្យបានចំនួន ៨៤ ភាគរយ, ជំរុញឱ្យបានយ៉ាងតិចមួយខេត្ត សម្រេចបានកម្មវិធី បញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល (ODF), បណ្តុះបណ្តាល វិជ្ជាជីវៈចល័តឱ្យបានយ៉ាងតិច ៥ ខេត្ត, បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋជនបទ ឱ្យបានចំនួន ១៥.០០០ នាក់, ផ្តួចផ្តើមបង្កើត សហគ្រាសខ្នាតតូចជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ បន្ទាប់ពីទទួលបានការ បណ្តុះបណ្តាល ឱ្យបានចំនួន៣៥០ សហគ្រាស/គ្រួសារ, ពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្រសួង ឱ្យបានយ៉ាងតិច ៨០ ម៉ោង ក្នុងមួយឆ្នាំ និងចំនួន ៦០ ម៉ោង ក្នុងមន្ត្រីម្នាក់ និងកំណត់អត្តសញ្ញាណ ជនជាតិដើមភាគតិច ឱ្យបានចំនួន ១៧៣ សហគមន៍ ។
ផ្អែកលើសូចនាករមេ ក្នុងឆ្នាំ២០២១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំយកចិត្តទុក ដាក់ខ្ពស់ ក្នុងការកៀរគរធនធានបន្ថែម ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជ ន ភាគីពាក់ព័ន្ធនានា និងបានដឹកនាំអនុវត្តផ្ទាល់ រាល់ការងារអភិវឌ្ឍន៍ជនបទ សំដៅធានា សម្រេច ឱ្យបានជោគជ័យ តាមសូចនាករ គ្រោងខាងលើ។ ជាក់ស្តែង ក្រសួងបាននិងកំពុង បន្តអនុវត្តកម្មវិធីអាទិភាព ចំនួន៤ ដែលមានលក្ខណៈស៊ីសង្វាក់ ប្រទាក់ក្រឡាជាប្រព័ន្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីរួមចំណែកលើកកម្ពស់ កម្រិតជីវភាព, សុខុមាលភាព, និងគុណតម្លៃ នៃជីវិតរស់នៅ របស់ប្រជាជនជនបទ ដែលជាគោលបំណង គោលនយោបាយ អភិវឌ្ឍន៍ជនបទរបស់ក្រសួង ក៏ដូចជាចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល៕/V