ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងប្រាប់អង្គសន្និបាត របស់ខ្លួន នៅថ្ងៃទី១៥ ខែមីនាថា នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ នៅ រាជធានី និង គ្រប់ខេត្ត ត្រូវបានស្ថាបនា ជួសជុលនិង កែលម្អ ដោយ លើកកម្រិតប្រែក្លាយ ពីផ្លូវ ដីសនិង ផ្លូវ ក្រួស ក្រហមទៅជាផ្លូវ ក្រាល ខ្សាច់ភ្នំ និង ក្នុង រូប ភាពថ្មី គឺ ផ្លូវក្រាល កៅស៊ូ ឬក្រាល បេតុង។ ការអនុវត្តការងារ ថែទាំ ជួសជុល ស្តារ និង លើកកម្រិត និង កែលម្អ ផ្លូវ ជនបទ សម្រេចបានប្រវែង ៤ ០១៨,០១ គីឡូម៉ែត្រ សម្រាប់ គម្រោង ប្រើ ប្រាស់ថវិកាជាតិ ដោយឡែក ការងារ ស្តារ ជួសជុល និង កែលម្អផ្លូវជនបទ សម្រច បានប្រវែង ៣៨២,៦៣គីឡូម៉ែត្រ សម្រាប់ គម្រោង ប្រើប្រាស់ ថវិកា ដៃគូអភិវឌ្ឍន៍។
បណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងនៅក្នុងឱកាស បើកពិធី ខាងលើថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើក ទិសដៅការងារ ឆ្នាំ២០២២ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃនេះ បានប្រារព្ធ ក្នុងបរិកាណ៍ នៃការរីករាលដាល ជំងឺ កូវីដ-១៩ ដែលយើងត្រូវអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន នូវ វិធានការ ៣កុំ និង៣ ការពាររបស់ រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩ ដែលតម្រូវ ឱ្យយើងបន្សាំ ទៅនឹងការរស់នៅ តាមគន្លង ប្រក្រតីភាពថ្មី និងការវិវត្ត យ៉ាងឆាប់រហ័ស នៃស្ថានភាពតំបន់ និង សកលលោក ប្រកបដោយការពិបាកប៉ាន់ប្រមាណ, ការពិនិត្យវាយតម្លៃលទ្ធផលការងារ នៃឆ្នាំ កន្លងទៅ និង ការលើកទិសដៅការងារ សម្រាប់ឆ្នាំបន្ទាប់ កាន់តែមានសារៈ សំខាន់ និងចាំបាច់មិនអាច ខ្វះបានជាង ពេល ណាៗទាំងអស់។
លោករដ្ឋន្ត្រី បានថ្លែងបន្តថាៈ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារអភិវឌ្ឍន៍ជនបទ ដែលមិនត្រឹម តែឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងបណ្តាគោល បំណងគោល នយោបាយអភិវឌ្ឍន៍ជនបទនានាប៉ុណ្ណោះទេ រាជរដ្ឋាភិបាល ថែមទាំងបានធ្វើអន្តរាគមន៍ទាំងផ្នែក សុខាភិបាល, សង្គម, និងសេដ្ឋកិច្ច សំដៅជួយទ្រទ្រង់ជីវភាព ប្រចាំថ្ងៃនៃគ្រួសារក្រីក្រដែលភាគច្រើន ជាកសិករ និងកម្មករ រស់នៅតំបន់ជនបទ ព្រមទាំងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ក្នុងអំឡុងពេល នៃការរីករាល ដាលនៃជំងឺកូវីដ-១៩។ ប្រការនេះ បាននិងកំពុងធ្វើ ឱ្យមាន ការរីកចម្រើន លូតលាស់ លើគ្រប់វិស័យ ពិសេសធ្វើឱ្យស្ថានភាពជនបទកម្ពុជា មានការវិវត្ត រីកចម្រើនគួរឱ្យកត់សម្គាល់ និងបាននិងកំពុងរួមចំណែកលើក កម្ពស់កម្រិតជីវភាពរស់នៅ ប្រជាជនជនបទ។ ទោះជាយ៉ាងណា ជាមួយនឹងសេចក្តីត្រូវការដ៏ធំធេង និងធនធានមាន កំណត់, យើងទទួលស្គាល់ថា ការងារអភិវឌ្ឍន៍ជនបទ នៅតែពុំទាន់ឆ្លើយតបបាន សមស្រប នៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ថ្វីត្បិតតែមានដៃគូ អភិវឌ្ឍន៍ និងអង្គការសង្គម ស៊ីវិល ជាច្រើន បាននិងកំពុងរួមចំណែកជាមួយ រាជរដ្ឋាភិបាល យ៉ាងសស្រាក់សស្រាំ ក៏ដោយ។ទន្ទឹមនេះ, យើងក៏ទទួល ស្គាល់ថាកម្រិតជីវភាព, ស្ថានភាពសុខភាព និងអនាម័យ, ស្ថានភាពអប់រំ និងគុណតម្លៃសហគមន៍ ជនបទ នៅ មានកម្រិតទាបនៅឡើយ ដែលគម្លាត នេះ មានទាំង រវាងតំបន់ជនបទនិងទីក្រុង/ទីប្រជុំជននិងរវាងតំបន់ជនបទ និងតំបន់ ជនបទ ព្រោះក្នុងពេលដែល ចំណូលបុគ្គលមធ្យមប្រចាំឆ្នាំ ២០២១ ទូទាំង ប្រទេសកើនឡើង ដល់ ១ ៧៣០ ដុល្លារអាមេរិក នៅតំបន់ ជនបទភាគច្រើន ចំណូលនេះមិនទាន់ដល់ ១ ០០០ ដុល្លារ អាមេរិក នៅឡើយ។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការផ្ទាល់ នឹងបន្តជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ បន្ថែមទៀត សំដៅលើក កម្ពស់គុណភាព និងគុណ តម្លៃ ជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយ បរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ដើម្បីរួមចំណែក កាត់បន្ថយ ភាពក្រីក្រ និង សម្រេចចក្ខុវិស័យ ប្រកបដោយមហិច្ឆតា របស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេស មាន ប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក អ៊ុក រ៉ាប៊ុន បញ្ជាក់ថាៈ ឆ្នាំ២០២២ គឺជាឆ្នាំទី ៤ នៃការអនុវត្តផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវ គោលបំណង គោលនយោបាយចម្បងគឺ “ការលើកកម្ពស់ គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅ របស់ប្រជាជនជនបទ ប្រកបដោយ បរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានកំណត់យក សរសរស្តម ៤ ដើរតួជាកម្មវិធីអាទិភាព គឺការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវា គាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។
ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ រយៈកាល ៣ ឆ្នាំ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានលទ្ធផល ក្នុងឆ្នាំជាច្រើន គួរឱ្យកត់សម្គាល់, ទោះជាស្ថិត ក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ, ហើយបាន និងកំពុងរួមចំណែក យ៉ាងសកម្ម ក្នុងការជំរុញឱ្យមាន ការផ្លាស់ប្តូរជីវភាពរស់ នៅរបស់ ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។ ជាក់ស្តែង, ប្រជាជន នៃតំបន់ជនបទ មានឱកាសប្រកប មុខរបរបន្ថែម ដូចជា ចិញ្ចឹមសត្វ, ធ្វើបន្លែ, ធ្វើសិប្បកម្ម, ធ្វើអាជីវកម្ម លក់ដូរ, និងផ្តល់សេវាកម្មរកកម្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគ្រួសារ ក្រៅពីការ ធ្វើស្រែចំការ។ ទន្ទឹមនេះ តំបន់ជនបទចាប់ផ្តើម មានលំនៅដ្ឋាន សមរម្យ, មានទឹកស្អាតប្រើប្រាស់ ៧៨ ភាគរយ, មានបង្គន់អនាម័យ ៨៤ ភាគរយ, មានផ្លូវគមនាគមន៍ កាន់តែប្រសើរឡើង, មានសេវាអគ្គិសនី កាន់តែប្រសើរ, និង មានសេវាទូរគមនាគមន៍ កាន់តែទំនើប ដែលបាននិងកំពុងផ្លាស់ប្តូរ ជីវភាពរស់ នៅ និងសុខភាព ប្រជាជនជនបទ ជាបណ្តើរៗ ឆ្ពោះទៅកាន់ភាពស៊ីវីល័យ។
លោករដ្ឋមន្ត្រី បានបង្ហាញឱ្យឃើញ ពីសមិទ្ធផលដែលក្រសួងសម្រេចបាន នៅក្នុងឆ្នាំ២០២១ ដូចជា ផ្លូវជនបទជាច្រើន រួមជាមួយនឹង សំណង់សិល្បៈ ការផងដែរ នៅ រាជធានី និង គ្រប់ខេត្ត ត្រូវបានស្ថាបនា ជួសជុល និងកែលម្អ ដោយលើកកម្រិតប្រែក្លាយ ពីផ្លូវ ដីសនិង ផ្លូវ ក្រួស ក្រហមទៅជាផ្លូវ ក្រាល ខ្សាច់ភ្នំ និង ក្នុង រូប ភាពថ្មី គឺ ផ្លូវក្រាល កៅស៊ូ ឬក្រាល បេតុង។
ក្នុងឆ្នាំ ២០២១ ការអនុវត្តការងារ ថែទាំ ជួសជុល ស្តារ និង លើកកម្រិត និង កែលម្អ ផ្លូវ ជនបទ សម្រេចបានប្រវែង ៤ ០១៨,០១ គ.ម. សម្រាប់ គម្រោង ប្រើ ប្រាស់ថវិកាជាតិ ដោយឡែក ការងារ ស្តារ ជួសជុល និង កែលម្អផ្លូវជនបទ សម្រច បានប្រវែង ៣៨២,៦៣ គ.ម. សម្រាប់ គម្រោង ប្រើប្រាស់ ថវិកា ដៃគូអភិវឌ្ឍន៍។ បើ ទោះបីជា ជួបបញ្ហា ប្រឈម ក្នុងបរិបថនៃ ការរីក រាល ដាល នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ការងារជួសជុល ស្តារ ថែទាំ និង កែលម្អហេដ្ឋារចនា សម្ព័ន្ធជនបទ នៅតែសម្រេចបានសមិទ្ធផលគួ រជាទីមោទនៈ៕/V-PC