ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុនសុ វណ្ណារិទ្ធិ អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុម ការងារ ចុះសាកសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិ តាតាន់ ឃុំព្រៃគ្រីជើង ចំនួន ៤៥៦ គ្រួសារ ដែលបានរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ និងឧបត្ថម្ភស៊ីម៉ង់ត៍ ចំនួន ៤០ តោន ជូនអាជ្ញាធរឃុំ សម្រាប់ធ្វើផ្លូវបេតុង ក្នុងឃុំព្រៃគ្រីជើង ។
អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់ប្រជាពលរដ្ឋថាៈ ដើម្បីទទួលបាននូវ សុខសន្តិភាព និងមានការអភិវឌ្ឍ គ្រប់វិស័យ នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ យើង ត្រូវតែចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺភូមិឃុំមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ គ្មានចោរកម្ម គ្មានគ្រឿងញៀន គ្មានក្មេងទំនើង និងគ្មានអំពើហិង្សា នៅក្នុងគ្រួសារ ។
អភិបាលខេត្ត បានបានបន្តថាៈ បើតាមគម្រោងផែនការរបស់អាជ្ញាធខេត្ត មន្ទីរអភិវឌ្ឍន៍ ជនបទ បាននិងកំពុងសិក្សាគម្រោង កសាងស្ពាន ១០ កន្លែង នៅតាមផ្លូវមាត់ទន្លេ ដោយតភ្ជាប់ ពីឃុំកោះថ្កូវ ទៅមកកាន់ទីរួមស្រុកជលគិរី ដើម្បីងាយស្រួលទៅមក ពីខេត្ត មកស្រុក ។ ក្នុងនោះ ផ្លូវពីសាលាស្រុកជលគីរី ទៅតភ្ជាប់ជាមួយឃុំពាមឆ្កោក គឺខាងភាគី ក្រុមហ៊ុនកូរ៉េ និងជួយកសាងជា ផ្លូវបេតុង ហើយផ្លូវនៅក្នុងឃុំព្រៃគ្រីជើងទាំងអស់ ត្រូវកសាង ជាផ្លូវបេតុង ផងដែរ ។
ជាមួយគ្នានេះដែរ លោកបានសន្យាថា លោកនឹងអភិវឌ្ឍន៍ស្រុកជលគីរី អោយក្លាយទៅជា តំបន់ទេសចរណ៍ ទាក់ទាញមួយ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ នាតំបន់ដាច់ស្រយាល។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងឃុំទាំងអស់ សូមរួមគ្នាអនុវត្តវិធានការ ៣កុំនិង ៣ ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង នៅក្នុងមូលដ្ឋាន។
នៅក្នុងកម្មវិធីនេះ លោកអភិបាលខេត្ត និងក្រុមការងារ ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋ ចំនួន ៤៥៦ គ្រួសារ នៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើង ដែលរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ ១៩ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ ១០គីឡូ , ត្រីខ១យួរ , ត្រី១យួរ និងទឹកស៊ីអ៊ីវ ១ យួរ ៕/V-PC