ប្រែសម្រួលៈបំណង(ST)៖ ចិនកាលពីថ្ងៃអង្គារទី១៥មីនាបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥.២៨០នាក់គឺកើនលើសចំនួនឆ្លងកាលពីមួយថ្ងៃមុនជាងពីរដងនិងជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីជំងឺឆ្លងនេះចាប់ផ្តើមមាននៅចិន។
តំបន់រងការផ្ទុះជំងឺនេះខ្លាំងបំផុតគឺខេត្តជីលីន(Jilin)ភាគឦសាន កន្លែងដែលមនុស្សជាង៣.០០០នាក់ត្រូវបានរកឃើញថាឆ្លងកូវីដ១៩។
សូមបញ្ជាក់ថា ថ្ងៃអង្គារទី១៥មីនាជាថ្ងៃទីប្រាំមួយជាប់គ្នាដែលចិនបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ថ្មីមួយថ្ងៃជាង១.០០០នាក់។
យ៉ាងហោចណាស់ទីក្រុងនិងខណ្ឌចំនួនដប់នៅទូទាំងប្រទេសបាននិងកំពុងបិទខ្ទប់ដោយសារការផ្ទុះកូវីដ១៩នៅមួយរយៈពេលចុងក្រោយ រួមមានទីក្រុងមជ្ឈមណ្ឌលបច្ចេកវិទ្យា សិនចិន(Shenzhen)ដែលមានមនុស្ស១៧លាននាក់រស់នៅ។
ការផ្ទុះជំងឺនៅបណ្តារោងចក្រផលិតរថយន្តវ៉ុលស្វាហ្គិន(Volkswagen )នៅទីក្រុងចាងជុន(Changchun)ក៏នាំអោយបិទទីតាំងបីយ៉ាងតិចចំនួនបីថ្ងៃកាលពីថ្ងៃចន្ទ។
ទីក្រុងដទៃទៀត រួមមានទីក្រុងសៀងហៃ បានបិទខ្ទប់សង្កាត់និងអាគារមនុស្សរស់នៅខ្លះដែលមានអ្នកកើតកូវីដ១៩។
ក្នុងពេលជាមួយគ្នា អាជ្ញាធរអាកាសចរណ៍ចិនក៏បានប្រកាសថាខ្លួននឹងបង្វែរជើងហោះហើរអន្តរជាតិចំនួន១០៦ដែលត្រូវមកដល់ក្រុងសៀងហៃទៅកាន់ទីក្រុងចិនផ្សេងៗទៀតចាប់ពីថ្ងៃ២១មីនាដល់០១ឧសភាដោយសារសភាពការណ៍ជំងឺឆ្លងកូវីដ១៩។
ប្រព័ន្ធព្យាករណ៍កូវីដ១៩មួយរបស់សកលវិទ្យាល័យឡាន់ចូវ(Lanzhou)បានព្យាករណ៍ថា ការផ្ទុះកូវីដក្នុងសហគមន៍នាពេលបច្ចុប្បន្នអាចគ្រប់គ្រងវាបានទាល់តែដល់ដើមខែមេសាក្រោយចំនួនឆ្លងប្រចាំថ្ងៃឡើងដល់ប្រមាណ៣៥.០០០នាក់។
ពួកមន្ត្រីសុខាភិបាលចិនក៏បានព្រមានអំពីការរឹតបន្តឹងខ្លាំងឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នៅរលកថ្មីនេះ៕
មនុស្សជិត៣០លាននាក់ស្ថិតក្រោមការបិទខ្ទប់នៅទូទាំងប្រទេសចិនកាលពីថ្ងៃអង្គារ ដោយសារកូវីដ១៩ផ្ទុះជាច្រើនកន្លែងនិងចម្លងច្រើនជាងពេលណាៗទាំងអស់។ក្នុងរូប ប្រជាជនកំពុងរង់ចាំការយកសំណាករកកូវីដ១៩នៅក្រុងយ៉ាន់តាយ ក្នុងខេត្តសាន់ទុង កាលពីថ្ងៃចន្ទ