ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រី អន្តររដ្ឋាភិបាល តំបន់អាស៊ី-អូសេអានី លើកទី១៧ ស្តីពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា (The 17″ Asia/Oceania Region Intergovernmental Ministerial Meeting on Anti Doping in Sport) ពីថ្ងៃទី១៤ ដល់ ១៥ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់។
ប្រតិភូនេះ ដឹកនាំដោយលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយសមាជិក ពីររូប គឺលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា និងជាសមាជិកតំណាងប្រទេស និងលោក អ៊ិត ឡេង ប្រធានការិយាល័យ CADA(Cambodia Anti-Doping Agency)។
បើតាមការផ្តល់ខ្លឹមសារ ពីក្រុមប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានជំនាញ ក្រោមឱវាទ បានបញ្ជាក់ថា គោលបំណងចម្បងៗ នៃកិច្ចប្រជុំនេះ ផ្តោតសំខាន់លើ៥ចំណុច រួមមាន ពិនិត្យរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមរបស់ អង្គការប្រឆាំងដូប៉ាជាតិ ក្នុងតំបន់អាស៊ី-អូសេអានី។ ផែនការយុទ្ធសាស្ត្ររបស់ WADA(World Anti-Doping Agency) ២០២២ -២០២៤។ ដំណើរការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាមូលនិធិ WADA តំបន់អាស៊ី ឆ្នាំ២០២៣។ របាយការណ៍របស់ គណ:កម្មការហិរញ្ញវត្ថុ តំបន់អាស៊ី និងប្រាក់វិភាគទាន WADA 2023។ របាយការណ៍ លទ្ធផលសន្និសីទ្ធរដ្ឋភាគី លើកទី៨ ស្តីពីអនុសញ្ញាប្រឆាំងដូប៉ា UNESCO៕/V