ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រេងធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍មកនេះ ដោយការកិច្ចពិភាក្សារកដំណោះស្រាយវិបត្តិអ៊ុយក្រែនត្រូវបានបន្តនិងការផ្ទុះកូវីដ១៩នៅចិននាំអោយមានការបារម្ភអំពីការធ្លាក់ចុះតំរូវការប្រេង។
ប្រេងឆៅផ្សារBrentបានធ្លាក់ចុះ៤,៧៤ដុល្លារមកនៅ១០២,១៦ដុល្លារក្នុងមួយបារ៉ែលនិងប្រេងនៅផ្សារWTIចុះ៤,៥៨ដុល្លារមកនៅ៩៨,៤៣ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារ។
សូមបញ្ជាក់ថា ប្រេងនៅផ្សារទាំងពីរបានធ្លាក់ចុះជាង៥ភាគរយកាលពីមួយថ្ងៃមុន ដោយប្រេងBrentចុះ៥,១ភាគរយ និងប្រេងWTI ចុះ៥,៨ភាគរយ។
តូស៊ីតាកា តាហ្សាវ៉ា (Toshitaka Tazawa)អ្នកវិភាគនៅក្រុមហ៊ុនFujitomi Securities Co Ltd.បាននិយាយថា «ការរំពឹងទុកអំពីការវិវឌ្ឍវិជ្ជមាននៃកិច្វពិភាក្សារុស្ស៊ី-អ៊ុយក្រែនបានជួយទ្រោលក្តីសង្ឃឹមនិងសម្រាលភាពតានតឹងនៅក្នុងទីផ្សារប្រេងឆៅពិភពលោក»។
លោកបានបន្ថែមថា « ការបិទខ្ទប់ថ្មីៗដើម្បីទប់ស្កាត់កូវីដ១៩នៅចិន ក៏បង្កការព្រួយបារម្ភអំពីតំរូវការប្រេងធ្លាក់ចុះផងដែរ»។
ចិនកំពុងរាយការណ៍ការឆ្លងកូវីដ១៩ខ្ពស់បំផុតកាលពីថ្ងៃអង្គារ ដោយករណីឆ្លងថ្មីកើនឡើងជាងពីរដងធៀបនឹងការឆ្លងកាលពីមួយថ្ងៃមុន ដល់កំរិតខ្ពស់បំផុតគិតចាប់តាំងពីជំងឺឆ្លងនេះមានវត្តមាននៅចិនជាងពីរឆ្នាំមកនេះ។
កិច្ចពិភាក្សាបន្ថែមរវាងអ្នកចរចារុស្ស៊ីនិងអ៊ុយក្រែនក៏ជួយសម្រាលវិបត្តិថាមពល។
ស៊ូយ៉ូស៊ី យូអ៊ីណូ (Tsuyoshi Ueno)អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាស្រាវជ្រាវNLI បាននិយាយថា «ទោះជាមានបទឈប់បាញ់មួយ ក៏ថ្លៃប្រេងនៅតែស្ថិតក្នុងកំរិតខ្ពស់ ដោយសារតែបណ្តាប្រទេសលោកខាងលិចព្យាយាមដាក់អោយរដ្ឋាភិបាលក្រុងមូស្គូនៅឯកោតាមរយៈទណ្ឌកម្ម ដោយទុកអោយទីផ្សារប្រេងបន្តតឹងតែង៕