ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃអង្គារ ទី១៥ មីនាថា ជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសកម្មរបស់បុគ្គលរុស្សី ១៧ នាក់បន្ថែមទៀតដោយនាំឱ្យចំនួនមហាសេដ្ឋីនិងឥស្សរៈជនរុស្ស៊ីសរុបដែលរងទណ្ឌកម្មដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកើនឡើងដល់ ៦១ នាក់។
វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីមួយចំនួនរួមទាំងមហាសេដ្ឋីវិកទ័រ វេកសែលបឺក (Viktor Vekselberg) និងសមាជិក ១២ នាក់នៃសភាជាន់ទាបរបស់រុស្ស៊ី។
ក្រសួងហិរញ្ញវត្ថុបាននិយាយថាលោកវេកសែលបឺកក៏ត្រូវបានកំណត់គោលដៅនៅក្នុងការដាក់ទណ្ឌកម្មដោយប្រទេសជប៉ុនក៏ដូចជាសមាជិក ១១ នាក់នៃសភារុស្ស៊ី និង សមាជិកគ្រួសារ ៥នាក់របស់ធនាគារិករុស្ស៊ីលោក យូរី កូវ៉ាល់ឈុគ (Yuri Kovalchuk) ។
អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលលោកហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយថា ជប៉ុននឹងធ្វើសកម្មភាពស្របតាមក្រុមប្រទេស G-7 ផ្សេងទៀតលើការដាក់ទណ្ឌកម្ម។
លោកម៉ាតស៊ូណូបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចំពោះការដាក់ទណ្ឌកម្មនៅពេលក្រោយទៀត យើងនឹងបន្តឃ្លាំមើលលក្ខខណ្ឌ ហើយរួមជាមួយប្រទេស G-7ផ្សេងទៀតនឹងឆ្លើយតបយ៉ាងសមស្រប”។
ទីក្រុងតូក្យូក៏បានដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ីនិងធនាគារឯកជនចំនួនប្រាំពីរក្នុងចំណោមស្ថាប័នផ្សេងទៀតរបស់រុស្ស៊ីក៏ដូចជាបុគ្គលនិងធនាគារនិងអង្គការនានារបស់បេឡារូសជុំវិញការគាំទ្ររបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ៕
មហាសេដ្ឋីរុស្ស៊ី លោក វិកទ័រ វេកសែលបឺក ជាប់ទណ្ឌកម្មរបស់ជប៉ុន