ដោយៈ គង់ហេង / កំពង់ចាមៈ សមត្ថកិច្ច បានរកសាកសពក្មេងស្រី ដែលលោតពីលើ ស្ពានគីហ្សូ៊ណា ហើយបានស្រង់ចេញ ពីក្នុងទឹកទន្លេ យកមកធ្វើកោសល្យវិច័យ ត្រួតពិនិត្យ លើសពរួចរាល់ និងក៏បានប្រគល់ជូន ក្រុមគ្រួសារសព នាម៉ោងប្រមាណជាង ១១ ថ្ងៃត្រង់ ថ្ងៃទី១៥ មីនា នេះ។
ជាមួយនោះ សាច់ញាតិជនរងគ្រោះ ឈ្មោះ ជា វិជ្ជរ៉ា បានប្រាប់សមត្ថកិច្ចថាៈ មូលហេតុនៃ ការសម្លាប់ខ្លួន គឺដោយសារតែនាងបាក់ទឹកចិត្ត ក្នុងការសិក្សា ព្រោះនាង ធ្លាប់តែរៀនពូកែ និងក៏មិនពាក់ព័ន្ធបញ្ហាស្នេហាអ្វីដែរ ពោលគឺ ដូចអ្វីដែលនាង បានសរសេររៀបរាប់ នៅក្នុងកូនលិខិត នោះហើយ។
សូមបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី ១៤ មីនា ម្សិលមិញ មានករណីក្មេងស្រីម្នាក់ បានជិះម៉ូតូម៉ាកហុងដា ស៊ុមម័រ មួយគ្រឿង មកចតទុកចោល ជាមួយស្បែកជើងមួយគូ និងកាបូបមួយ ហើយបានឡើងលើបង្កាន់ដៃ ស្ពានគីហ្សូ៊ណា ត្រង់ចន្លោះសសរប៉េ ៩ និង ប៉េ ១០ ហើយក៏បានលោតចូល ក្នុងទឹកទន្លេបាត់។ ខណៈនោះ ខាងសមត្ថិកិច្ច បានស្គាល់ អត្តសញ្ញាណក្មេងស្រីរងគ្រោះ ក៏ជូនដំណឹងទៅក្រុមគ្រួសារ និងរាវរកនាង ក្នុងទន្លេ ក៏បានឃើញសាកសពនាង ជា វិជ្ជរ៉ា អាយុ ១៥ ឆ្នាំ ផុតចេញពីក្នុងទន្លេ អណ្តែតឡើង នៅវេលាខាងលើ នាថ្ងៃនេះ៕/V