ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី ១៥ខែមីនាថាមិនមានហានិភ័យនៃកង្វះអាហារនៅលើទីផ្សារក្នុងស្រុកទេហើយបានព្រមានអ្នកប្រើប្រាស់កុំឱ្យប្រញាប់ប្រញាល់ស្តុកទុកអាហារ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីសម្រាប់ការលុកលុយអ៊ុយក្រែន។
សេដ្ឋកិច្ចរុស្ស៊ីកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងអឺរ៉ុបបានកាត់រុស្ស៊ីចេញពីផ្នែកនៃសេដ្ឋកិច្ចពិភពលោកដោយសារតែការលុកលុយរបស់ទីក្រុងមូស្គូកាលពីថ្ងៃទី ២៤ ខែកុម្ភៈទៅលើអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីលោកស្រី វិកតូរៀ អាប្រាមឈិនកូ (Viktoria Abramchenko) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”មិនមានស្ថានភាពហានិភ័យនៃការខ្វះខាតឬការកាត់បន្ថយខ្សែសង្វាក់ផលិតផលិតផលនោះទេ”។
លោកស្រីអាប្រាមឈិនកូបាននិយាយថា “វាមិនមានតម្លៃក្នុងការជំរុញឱ្យមានតម្រូវការសិប្បនិម្មិតជាមួយនឹងការទិញសម្រាប់អនាគតនោះទេ”។
“យើងនឹងតម្រង់ទិសទីផ្សារឡើងវិញនិងបង្កើតពាណិជ្ជកម្មដែលមានផលចំណេញទៅវិញទៅមក ពង្រីកបណ្តាញភាពជាដៃគូរបស់យើងជាមួយបណ្តាប្រទេសជាមិត្ត”។ រុស្ស៊ីបានចាត់វិធានការរួចហើយក្នុងការការពារទីផ្សារអាហាររបស់ខ្លួននៅក្នុងការដាក់ទណ្ឌកម្មពីលោកខាងលិច។
នាយករដ្ឋមន្ត្រី មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) កាលពីថ្ងៃចន្ទទី១៤មីនាបានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចេញស្ករស និងស្ករឆៅរហូតដល់ថ្ងៃទី ៣១ ខែសីហា និង ហាមឃាត់ការនាំចេញស្រូវសាលី ស្រូវរ៉ៃ (សម្រាប់ធ្វើនំប៉័ង) ស្រូវបាលី (សម្រាប់ផលិតស្រាបៀរ) និងពោតហាវ៉ៃទៅកាន់រដ្ឋសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលនៅជិតខាងរហូតដល់ថ្ងៃទី ៣០ ខែមិថុនា៕
រុស្ស៊ីមិនខ្វះអាហារផ្គត់ផ្គង់ក្នុងស្រុកទោះជាប់ទណ្ឌកម្ម