ដោយៈមុនីរ័ត្ន/ភ្នំពេញៈអាចនិយាយបានថា ជាមោទកជាតិមួយ។នៅលេីបណ្តាញសង្គមនៅថ្ងៃទី១៥ ខែមីនា នេះលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចោទជាសំណួរថា តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួនប្រាំបួន ចាប់តាំងពីឆ្នាំ២០០៦ មក?។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរបន្តថា ពិសេសដែរនោះគឺការចូលរួមយ៉ាងសំខាន់ពីសំណាក់​បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រីសន្តិភាព និងសន្តិសុខ» នេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការ​ប្តេជ្ញាចិត្តរបស់លោកស្រី។

លោកបានបន្តថា លោកស្រីបានបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង និងព្រំប្រទល់លីបង់និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។ យើងពិតមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក៕សរន