ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារ ចុះជួយសង្កាត់ត្រពាំងក្រសាំង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ បានអញ្ញើញចុះទៅ សួរសុខទុក្ខលោក ទូច សំ ភេទប្រុស អាយុ៨៦ឆ្នាំ ជាមេភូមិត្រពាំងអញ្ចាញ ក្នុងតំណែង កំពុងមានជំងឺជាទំងន់ សំរាកព្យាបាលនៅផ្ទះ ក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
លោកស្រី ទេព ចន្ថា អាយុ៥០ឆ្នាំ ត្រូវជាភរិយាលោក ទូច សំ បានឱ្យដឹងថា ប្តីរបស់គាត់ មានជំងឺប្រចាំកាយ ឈឺថ្លើម និងតំរងនោម ជាយូរមកហើយ និងក៍មានការព្យាបាល ជាហូរហែរមកដែរ មិនដែលខកខានទេ តែប៉ុន្មានសប្តាហ៍មកនេះ ស្ថានភាពសុខភាពរបស់ គាត់ បានចុះថមថយជាខ្លាំង រហូតមកដល់ថ្ងៃនេះ គាត់អត់ទទួលទានអាហារ រយៈពេល ៥ ថ្ងៃមកហើយ គឺបានតែទឹកបន្តិចបន្តួចតែប៉ុណ្ណោះ ។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រួសារ មានការព្រួយបារម្ភជាខ្លាំង ហើយតែងគិតថា នេះប្រហែលជាពេល ចុងក្រោយរបស់ គាត់ហើយ។
ក្នុងនាមគណៈអភិបាលខណ្ឌ និងក្រុមការងារ លោក ហែម ដារិទ្ធិ បានសម្តែងនូវក្តីអាណិត អាសូរ ចំពោះលោក ទូច សំ ដែលស្ទើរពេញមួយជីវិត ក្នុងនាទីជាប្រធានភូមិ លោកបំរើ ប្រជាពលរដ្ឋបានល្អ មិនថាយប់ ឬថ្ងៃ គ្រប់កាលៈទេសៈ ដែលអាជ្ញាធរថ្នាក់ សង្កាត់ ខណ្ឌ ត្រូវការ គាត់តែងបំពេញការងារ យ៉ាងសកម្ម មិនដែលឱ្យថ្នាក់ដឹកនាំ អាក់អន់ស្រពន់ចិត្តឡើយ ពិសេសការបំរើសេវា ជូនប្រជាពលរដ្ឋ លោកបានបំពេញតួនាទីរបស់ខ្លួនបានល្អ ជាទីទំនុកចិត្តរបស់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ និងក្រុមការងារ ចុះជួយសង្កាត់ត្រពាំងក្រសាំង បាននាំយកអំណោយ មានទឹកផ្លែឈើ ចំនួន ២កេស , ទឹកដោះគោឆៅ ៧យូរ ,ផ្លែក្រូច ១ឡូតិ៍ និងថវិការ ១លានរៀល ឧបត្តម្ភដល់លោក ទូច សំ ផងដែរ គ្រាន់បានជួយសម្រួល លើការចំណាយផ្សេងៗ ៕/V