ដោយៈ បាយ័ន / សៀមរាបៈ ដើម្បីសង្គ្រោះបឋម នៅពេលមានអគ្គិភ័យ កើតឡើង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យ នៅតាមម៉ូតូចល័ត របស់មន្ត្រីនគរបាល ដែលប្រចាំការ នៅតាមគោលដៅនានា ក្នុងក្រុងសៀមរាប ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នា បណ្តាលឱ្យមានអគ្គិភ័យនោះ មន្ត្រីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅ កើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋម បានទាន់ពេលវេលា។
នេះជាការបញ្ជាក់ដោយលោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ។
លោកបាននិយាយឱ្យដឹងទៀតថាៈ នៅមានគ្រោះអគ្គិភ័យ តូចតាច ឬគ្រោះថ្នាក់ចរាចណ៍ បង្កឱ្យមានអគ្គិភ័យ ផ្តើមចេញពីតូចមួយ តែពេលមន្ត្រីនគរបាលចរាចរណ៍ ទៅដល់គោលដៅ កើតហេតុមុនគេ បានត្រឹមបញ្ចៀសចរាចរណ៍ប៉ុណ្ណោះ ដោយមិនអាចជួយសង្គ្រោះបឋម បាននោះទេ ដោយសារតែគ្មានឧបករណ៍ ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គិភ័យ ក្នុងទំហំតូច ហើយមន្ត្រីនគរបាលចរាចរណ៍ បានទៅដល់គោលដៅមុន គឺពួកគាត់អាចជួយ សង្គ្រោះ ទាន់ពេល ហើយសម្រាប់ជំហានដំបូងនេះ គឺបំពាក់បំពង់ពន្លត់អគ្គិភ័យ សម្រាប់ នគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៧ ម៉ូតូ ដោយក្នុងមួយម៉ូតូ មានបំពង់ពន្លត់អគ្គិភ័យ ចំនួន ២ បំពង់ ហើយនៅពេលខាងមុខ យើងគ្រោងបំពាក់ទៅលើម៉ូតូ ឱ្យបានច្រើនទៀត។
លោកបាននិយាយថាៈ ដើម្បីឱ្យមន្ត្រីនគរបាលចរាចរណ៍ ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនេះ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស មន្ត្រីជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ក៏បានមកជួយហ្វឹកហ្វឺន។
លោកក៍បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការចូលរួមសហការ ជាមួយសមត្ថកិច្ច នៅពេល មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានអគ្គិភ័យ ឬឃើញមានអគ្គិភ័យ ដែលផ្តើមឆេះដំបូង ក្នុងទំហំតូច អាចទាក់ទងមក មន្ត្រីនគរបាលចរាចរណ៍បាន ដែលមានលេខទំនាក់ទំនង នៅតាមគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ របស់នគរបាលចរាចរណ៍ តាមដងផ្លូវ៕/V