ដោយៈ​បណ្ឌិត គិ​ន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា /​ភ្នំពេញៈ​នៅ​ចុងឆ្នាំ​២០២០ សហរដ្ឋ​អាម៉េរិក​បានដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដោយ​លើក​ហេតុផល​ថា លោក Maduro បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុង​វិចារណកថា​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សហរដ្ឋ​អាម៉េរិក​បាន​ចោទប្រកាន់​លោក Maduro ថា​មាន​គម្រោងការ​អាក្រក់​ក្នុងការ​ប្លន់​សិទ្ធិ​របស់​ប្រជារាស្ត្រ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​​ដោយ​សេរី និង​ប្រកបដោយ​យុត្តិធម៌ ។ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាម៉េរិកតាមរយៈ​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៦៩២ បានដាក់​ទណ្ឌកម្ម​បណ្ដា​មេដឹកនាំ​នៃគណបក្ស ប្រឆាំង​អាយ៉ង​ទាំងនេះ​។

​វិចារណកថា​នោះបាន​ដកស្រង់​សម្តី​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាម៉េរិក ដែល​បាន​និយាយថា​៖ «​សហរដ្ឋអាម៉េរិក នៅតែ​ប្តេជ្ញា​ធ្វើឱ្យ​របប​គ្រប់គ្រង​របស់លោក Maduro និង​ពួក​អ្នកគាំទ្រ​របប​នេះ ទទួលខុសត្រូវ​ចំពោះ​អំពើពុករលួយ​ឥត​លាក់លៀម​របស់​ពួកគេ ដើម្បី​ធ្វើឱ្យ​ប្រាកដប្រជា​ថា ប្រជា​រា​ស្ត្វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ពួកគេ​សក្តិសម​ទទួលបាន​»​។​

​លើសពីនេះ​ទៀត វិចារណកថា​នេះ​បាន​បន្ថែមទៀតថា សហរដ្ឋអាម៉េរិក​ឈរ​ជាមួយ​លោក​ប្រធានាធិបតី​ស្ដីទី Guaidó និង​ក្រុម​អ្នក​ឆ្នើម​ខាង​ប្រជាធិបតេយ្យ​នៃ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នៅក្នុង​ដំណើរការ​របស់​ពួកគេ ដើម្បី​ស្តារ​ឱ្យ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មាន​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​ខ្ញុំ​សូម​សួរ​បងប្អូន​ដែលមាន​និន្នាការ​ប្រឆាំង​និង​ដែល​ប្រាថ្នា​ចង់ឃើញ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​របស់​សហរដ្ឋ​អាម៉េរិក​មកលើ​ប្រទេស​យើង តើ​បងប្អូន​គិតថា លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ត្រូវបាន​ស្តារឡើងវិញ​ហើយ​ឬ​នៅ បានជា​សហរដ្ឋ​អាម៉េរិក​ចង់​លើកលែង​ទណ្ឌកម្ម​ពី​ប្រទេស​នេះ​? តើ​ទណ្ឌ​កម្មនេះ គឺ​មិនមែន​ដើម្បី​ប្រេង​និង​ឧស្ម័ន​ទេ​ឬ​?
​ពេលនេះ បងប្អូន​ពិតជា​យល់​ហើយ​ថា ទណ្ឌកម្ម​នេះ​គឺ​មិនមែន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ គឺ​ច្បាស់​ណាស់​ថា គឺ​ដើម្បី​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់លោក Maduro ហើយ​ជួយ​ផ្ចុងផ្តើម​លោក Guaidó ឱ្យ​លោក​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​ចំណុះ​សហរដ្ឋ​អាម៉េរិក ដើម្បីឱ្យ​សហរដ្ឋ​អាម៉េរិក​អាច​រកស៊ី​ប្រេង​និង​ឧស្ម័ន​ជាមួយ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​យ៉ាង​ស្រួល សំដៅ​កាត់បន្ថយ​ភាព​អាស្រ័យ​របស់ខ្លួន​លើ​ប្រេង​និង​ឧស្ម័ន​របស់​ប្រទេស​រុស្ស៊ី​។ បើ​ពេលនោះ សហរដ្ឋ​អាម៉េរិក​អាច​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់លោក Maduro បាន ប្រហែល​វាសនា​របស់​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មិន​ខុសពី​វាសនា​ប្រទេស​អ៊ុយ​ក្រែ​ន​នាពេលនេះ​ទេ​។​

​ដូច្នេះ សូម​បងប្អូន​កុំ​គិតថា គេ​ពិតជា​ចង់​ជួយ​យើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​តែមួយ​មុខ​នោះ​, លទ្ធិប្រជាធិបតេយ្យ​គ្រាន់តែ​ជា​ស្បៃ​វាំងនន​តែប៉ុណ្ណោះ តែ​តាម​ការពិត គឺ​ប្រយោជន៍​ខាង​ភូមិសាស្ត្រ​នយោបាយ​របស់គេ​ទេ​។ អាច​ថា​យើង​សំណាង ដែល​កម្ពុជា​យើង​គ្មាន​ប្រេង​និង​ឧស្ម័ន​សម្បូរ​ដូច​ពួក​អារ៉ាប់ មជ្ឈិមបូព៌ា ឬ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា បើ​យើង​សម្បូរ​ប្រេង​និង​ឧស្ម័ន​ដូច​ប្រទេស​ទាំងនោះ ការជ្រៀតជ្រែក​ពី​មហាអំណាច​ខាងក្រៅ ប្រហែល​កាន់តែ​ស្មុគស្មាញ​។ ហើយ​អ្វីដែល​យើង​សំណាង​មួយទៀត គឺ​យើង​មាន​ប្រមុខ​ដឹកនាំ​ដែល​ឆ្លៀ​សវៃ អាច​បញ្ចៀស​បាន​នូវ​ព្យុះភ្លៀង​ធំៗ​ដែល​បោកបក់​មកលើ​ប្រទេស​យើង​។​
​បងប្អូន​ទាំងឡាយ​! លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ពិតជា​សំខាន់​សម្រាប់​ជាតិ​យើង ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៀត​នោះ គឺ​សន្តិភាព ស្ថិរភាព និង​ឯកភាព​ជាតិ​យើង​។

​ទាំង​គណបក្សកាន់អំណាច ទាំង​ក្រុមប្រឆាំង គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុង​រង្វង់​គ្រួសារ​ខ្មែរ​យើង​, រឿង​តូចក្តី​រឿង​ធំក្តី បើ​មាន​ប្រយោជន៍​ដល់​ជាតិ​យើង​គួរតែ​នាំគ្នា​ដោះស្រាយ​ក្នុង​រង្វង់​គ្រួសារ​យើង​ទៅ កុំ​ពឹង​បរទេស​អី​, រឿង​ណា​គួរ​ចប់ គួរតែ​បញ្ចប់​វា​ទៅ​កុំ​ទុក​នៅ​ឱ្យ​រ៉ាំរ៉ៃ​ដល់​ណា​ទៀត​, ដឹក​ដៃ​គ្នា​កសាង​ជាតិ​យើងទាំងអស់គ្នា​ទៅ​។ បើ​យើង​មាន​ឯកភាព​ជាតិ​និង​សាមគ្គី​ជាតិ​រឹងមាំ​ហើយ បរទេស​ជ្រៀតជ្រែក​យើង​មិន​បានទេ​៕​(ប្រភពរាជបណ្ឌិត្យសភាកម្ពុជា)