ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសង្គមនិយម វៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរ យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ រាជធានីភ្នំពេញ ក្នុងរយៈពេល ៤ ទសវត្សរ៍នេះ ពិសេស ២ ឆ្នាំ ចុងក្រោយនេះ កម្ពុជា អាចគ្រប់គ្រងបាន នូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវ សេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
ការសំដែងនូវការកោតសរសើរបែបនេះ របស់លោក ង្វៀន ហ៊ុយថាំង បានធ្វើឡើង ខណៈដែលលោក បានជួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។
លោក ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថាៈ រាជធានីភ្នំពេញ ក្នុងរយៈពេល ៤ ទសវត្សរ៍នេះ ពិតជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ ឆ្នាំមុន គឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀត នៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រង បាននូវជំងឺកូវីដ-១៩ នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវ សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ យ៉ាងល្អប្រសើរ។
លោកបានបន្តថាៈ សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុង បានល្អប្រសើរ ហើយទំនាក់ទំនង រវាងទីក្រុង និងទីក្រុង រវាងប្រទេស និងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនង កាន់តែល្អប្រសើរ រឹតមាំ និងខ្លាំងក្លា។
លោកបានបញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែករកធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរ កម្ពុជា និងវៀតណាម មានទំនាក់ទំនង មានសាមគ្គីភាពគ្នា តែរឹងមាំ នៅពេលដែលលោក មកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋ សង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ។
លោកក៏បានសូមឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នា អោយបាន ច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាល យុវជន នៃប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារល្អនិងរឹងមាំ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ប្រទេសកម្ពុជា ក៏ដូចជា រាជធានីភ្នំពេញ បានធូរស្រាល ដោយជំងឺកូវីដ-១៩ ហើយ ហើយយើងក៏បានបើកប្រទេស ឲ្យដំណើរការ ឡើងវិញហើយដែរ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
លោកបានបញ្ជាក់ផងដែរថាៈ នៅពេលដែលប្រទេសយើងទាំង២ មានទំនាក់ទំនង សហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នា ដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នា កាន់តែល្អ និងរឹងមាំយូរអង្វែង៕/V