ដោយៈបណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា/ភ្នំពេញៈ
​ថ្ងៃនេះ​​ ខ្ញុំ​សូម​លើកយក​បច្ចេក​សព្ទ​មួយចំនួនទៀត ដែល​យើង​បាន​ឮជា​ញឹកញាប់​មួយរយៈ​កាល​ចុង​ក្រោយនេះ​ក្នុង​បរិបទ​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​បច្ចេក​សព្ទ​ខាងក្រោម​នេះ ជា​សេចក្តីពន្យល់​របស់​គណៈ​កម្ម​ការ​បច្ចេក​សព្ទ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​ខ្ញុំ​សូម​ចែករំលែក​ជា​ជំនួយស្មារតី​ជា​បណ្ដោះអាសន្ន​ទេ ដ្បិត​បច្ចេក​សព្ទ​ទាំងនេះ មិនទាន់​ត្រូវបាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៅឡើយ​។

១. អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ ឬ អូតង់ ឬ​បក្សសម្ព័ន្ធ​ណា​តូ ឬ​បក្សសម្ព័ន្ធ​អូតង់​)
– អ​. North Atlantic Treaty Organization (NATO)
– បារ​. Organisation du Traité de l’Atlantique Nord (OTAN)
​សម្ព័ន្ធភាព​នយោបាយ​និង​យោធា​អន្តររដ្ឋាភិបាល​នៃ​បណ្តា​រដ្ឋ​អាម៉េរិក​ខាងជើង​និង​អឺរ៉ុប​ដោយ​ផ្អែកលើ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៤៩ ទីក្រុង​វ៉ាស៊ីនតោន​។ គោលបំណង​ជា​ចម្បង​របស់​អង្គការ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​លទ្ធិ​កុ​ម្មុយ​និ​ស្ត ពោលគឺ​ទប់ស្កាត់​ឥទ្ធិពល​សហភាពសូវៀត​តែម្តង​។ អង្គការ​នេះ​មាន​ប្រភព​មកពី​ផែនការ​ម៉ា​ស្សាល និង​លទ្ធិ​ទ្រូ​ម៉ាន់​របស់​សហរដ្ឋ​អាម៉េរិក​នៅ​ឆ្នាំ​១៩៤៧​។

​នៅពេល​បង្កើត​ដំបូង អង្គការ​នេះ មាន​សមាជិក​ចំនួន ១២ ប្រទេស គឺ សហរដ្ឋ​អាម៉េរិក​, អង់គ្លេស​, បារាំង​, កាណាដា​, អ៊ីតាលី​, ហូ​ឡង់​, ប៊ែ​ល​ហ្ស៊ិ​ក​, លុច​សំបួរ​, ដា​ណឺ​ម៉ាក​, អៃ​ស៍ឡង់​ដ៍​, ន័​រវេ​ស និង​ព័រទុយហ្កាល់​។
​ក្រោយ​ការដួលរលំ​នៃ​សហភាពសូវៀត​ដែលជា​មេ​លទ្ធិ​កុ​ម្មុយ​និ​ស្ត​ពិភពលោក នៅ​ឆ្នាំ​១៩៩១ មក អង្គការ​ណា​តូ​មិនបាន​បញ្ចប់​សកម្មភាព​របស់ខ្លួន​ទេ ប៉ុន្តែ​បាន​ពង្រីក​សមាជិកភាព​របស់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​រាប់បញ្ចូល​ទាំង​ប្រទេស​ដែលជា​អតីត​សមាជិក​របស់​អង្គការ​កតិកាសញ្ញា​វ៉ា​សូវី​ដែល​នៅក្បែរៗ​ព្រំដែន​រុស្ស៊ី​មួយចំនួន​ផង​។

គិត​ត្រឹម​ឆ្នាំ​២០២០ អង្គការ​នេះ​មាន​សមាជិក​កើន​ឡើងជា​រហូតដល់​ទៅ​៣០ ប្រទេស គឺ អាល់​បា​នី​, ប៊ែ​ល​ហ្ស៊ិ​ក​, ប៊ុល​ហ្ការី​, កាណាដា​, ក្រូ​អាត​, សាធារណៈរដ្ឋ​ឆែក​, ដា​ណឺ​ម៉ាក​, អេ​ស្តូ​នី​, បារាំង​, អាល្លឺម៉ង់​, ក្រិ​ក​, ហុង​គ្រី​, អៃ​ស៍ឡង់​ដ៍​, អ៊ីតាលី​, ឡា​តវៀ​, លី​ទុយ​អា​នី​, លុច​សំបួរ​, ម៉ុង​តេ​ណេ​ហ្គ្រោ​, ហូ​ឡង់​, ម៉ា​សេ​ដូ​នៀ​ខាងជើង​, ន័​រវេ​ស​, ប៉ូឡូញ​, ព័រ​ទុយ​ហ្គា​ល់​, រូ​ម៉ា​នី​, ស្លូ​វ៉ា​គី​, ស្លូ​វេ​នី​, អេ​ស្ប៉ា​ញ​, តួ​ក​គី​, ចក្រភព​អង់គ្លេស​, និង​សហរដ្ឋ​អាម៉េរិក​។​


២. អង្គការ​កតិកាសញ្ញា​វ៉ា​សូវី (​ឬ​គេ​ច្រើន​ហៅ​កាត់​ថា បក្សសម្ព័ន្ធ​វ៉ា​សូវី​)
​អ​. Warsaw Pact Organization
​បារ​. Organization du Pacte de Warsovie
​អង្គការ​កតិកាសញ្ញា​វ៉ា​សូវី ឬ​កតិកាសញ្ញា​វ៉ា​សូវី គឺជា​សម្ព័ន្ធមិត្ត​យោធា​នៃ​ប្រទេស​អឺរ៉ុប​ខាងកើត​ចំនួន​ប្រាំពីរ​និង​សហភាពសូវៀត ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ទល់​ទៅនឹង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ដោយមាន​គោលដៅ​ការពារជាតិ​រួម​នៃ​អឺរ៉ុប​ខាងកើត​។ អត្ថបទ​នៃ​កតិកាសញ្ញា​នេះ​ព្រាង​ឡើង​ដោយ​មេដឹកនាំ​សហភាពសូវៀត គឺ​លោក Nikita Khrushchev ហើយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៥​។

​សមាជិក​នៃ​បក្សសម្ព័ន្ធ​វ៉ា​សូវី រួមមាន សហភាពសូវៀត​, អាល់​បា​នី​, ប៊ុលហ្គារី​, ឆេ​កូ​ស្លូ​វ៉ា​គី​, អាល្លឺម៉ង់​ខាងកើត​, ហុង​គ្រី​, ប៉ូឡូញ​, និង​រូ​ម៉ា​នី ពោលគឺ​ប្រទេស​កុ​ម្មុយ​និ​ស្ត​ទាំងអស់​នៃ​អឺរ៉ុប​ខាងកើត លើកលែងតែ​ប្រទេស​យូ​ហ្គោ​ស្លា​វី​។
​នៅក្នុង​មាត្រា​១១ នៃ​កតិកាសញ្ញា​នេះ រដ្ឋ​ជា​សមាជិក​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​អន្តរជាតិ និង​សហការ​ជាមួយ​រដ្ឋ​ផ្សេងទៀត​ក្នុងការ​គ្រប់គ្រង​សកម្មភាព​អន្តរជាតិ (​មាត្រា ១ និង ២); ពិគ្រោះ​យោបល់​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​អន្តរជាតិ​ទាំងអស់​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​របស់​ពួកគេ និង​ការពារ​គ្នា​ទៅវិញទៅមក​ប្រសិនបើ​រដ្ឋ​សមាជិក​មួយ ឬ​ច្រើន​ត្រូវបាន​វាយប្រហារ (​មាត្រា ៣ និង ៤); បង្កើត​បញ្ជា​ការរួម​និង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​នយោបាយ (​មាត្រា ៥ និង ៦) ។ ជាងនេះទៅទៀត រដ្ឋ​ជា​សមាជិក​បាន​សន្យាថា នឹង​បដិសេធ​មិន​ចូលរួម​សម្ព័ន្ធភាព និង​កិច្ចព្រមព្រៀង​ណា ដែលមាន​គោលបំណង​ផ្ទុយទៅនឹង​កតិកាសញ្ញា​នេះ និង​អនុញ្ញាតឱ្យ​រដ្ឋ​ផ្សេងទៀត អាច​ចូល​ជា​សមាជិក​ផងដែរ​ដោយ​មិន​គិតពី​ប្រព័ន្ធ​សង្គម​និង​នយោបាយ​របស់​ពួកគេ​។​

​ក្រោយ​ការដួលរលំ​នៃ​អតីត​សហភាពសូវៀត អង្គការ​កតិកាសញ្ញា​វ៉ា​សូវី​ត្រូវបាន​រំលាយ​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ប្រាក ក្នុង​ខែកក្កដា ឆ្នាំ​១៩៩១​។ នៅ​ឆ្នាំ​១៩៩៩ អតីត​សមាជិក​អង្គការ​កតិកាសញ្ញា​វ៉ា​សូវី រួមមាន ប៉ូឡូញ​, ហុង​គ្រី​, និង​សាធារណរដ្ឋ​ឆែក បាន​ចូល​ជា​សមាជិក​អង្គការ​ណា​តូ បន្ទាប់មក ប៊ុលហ្គារី​, អេ​ស្តូ​នី​, ឡា​តវៀ លី​ទុយ​អា​នី​, រូ​ម៉ា​នី​, ស្លូ​វ៉ា​គី​, និង​ស្លូ​វេ​នី ក៏បាន​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ក្នុង​ឆ្នាំ​២០០៤​។​

៣. ការឈ្លានពាន
– អ​. Invasion
– បារ​. Invasion (f.)
​ការវាយលុក​ដោយ​អាវុធ​របស់​រដ្ឋ​មួយ​ប្រឆាំងនឹង​រដ្ឋ​មួយទៀត​ទៅលើ​ដែន​គោក ដែនទឹក ឬ​ដែនអាកាស ឬ​តាម​រូបភាព​ផ្សេងទៀត​ដែល​ភាគី​ទាំងពីរ​មិនបាន​យល់ព្រម​និង​មិនបាន​ប្រកាស​ជាមុន ក្នុង​គោលបំណង​ដណ្ដើម​ទឹកដី​និង​ត្រួតត្រា​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ ដូចជា រដ្ឋបាល សេដ្ឋកិច្ច និង នយោបាយ​ជាដើម​។​

៤. តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
-​អ​. International Criminal Court
-​បារ​. Cour pénale internationale
​ស្ថាប័ន​អចិន្ត្រៃយ៍​ដែល​ត្រូវបាន​បង្កើតឡើង​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្តីពី​តុលាការអន្តរជាតិ​។ តុលាការ​នេះ​មានអំណាច​អនុវត្ត​យុត្តាធិការ​របស់ខ្លួន​ទៅលើ​បុគ្គល​ឬ​ប្រទេស​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត​ដែលជា​ការព្រួយបារម្ភរ​បស់​អន្តរជាតិ​ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម និង​ជាការ​បន្ថែម​លើ​យុត្តាធិការ​ព្រហ្មទណ្ឌ​ជាតិ​។

​យុត្តាធិការ​តុលាការ​ត្រូវបាន​កម្រិត​ដែន​កំណត់​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល​ដូចខាងក្រោម​៖
– ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​
– ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ
– ឧក្រិដ្ឋកម្ម​សង្គ្រាម​
– ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន​។​

​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០០២ ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្តីពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។​

៥. ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
​អ​. Security Council, United Nations
​បារ​. Conseil de Sécurité des Nations Unies
​ស្ថាប័ន​ដែលមាន​អំណាច​ខ្ពស់បំផុត​របស់​អង្គការ​សហ​ប្រជា​តិ​ដែលមាន​ទំនួល​ខុស​ត្រូវជា​ចម្បង​ក្នុង​ការរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​។ យោងតាម​ជំពូក​ទី​៧ នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ ជា​ស្ថាប័ន​តែមួយគត់​ដែល​អាចដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ឬ​ចាត់វិធានការ​យោធា​ទៅលើ​ប្រទេស​ណាមួយ​ក្នុងករណី​មានការ​ឈ្លានពាន ការបង្ក​អំពើហិង្សា ឬ​ឧក្រិដ្ឋកម្ម​ជា​សាធារណៈ​។​

​ក្រុមប្រឹក្សាសន្តិសុខ មាន​សមាជិក​ចំនួន​១៥ ដែល​ក្នុងនោះ​មាន​៥​ជា​សមាជិក​អចិន្ត្រៃយ៍ រួមមាន ចិន បារាំង អង់គ្លេស រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក​។ សមាជិក​១០​ទៀត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​មាន​អាណត្តិ​ពីរ​ឆ្នាំ និង​ត្រូវបាន​ជ្រើសរើស​តាមរយៈ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ភូមិសាស្ត្រ​។
​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ មាន​អាណត្តិ​រយៈពេល​មួយខែ ដោយ​ជ្រើសរើស​ចេញ​មកពី​សមាជិក​នីមួយៗ តាម​លំដាប់​អក្ខរក្រម​ភាសា​អង់គ្លេស​នៃ​ឈ្មោះ​ប្រទេស​។ សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ មាន​សិទ្ធិ​បោះឆ្នោត​វេតូ​លើ​សេចក្ដីសម្រេច​ដំណោះស្រាយ​ឬ​វិធានការ​ណាមួយ ដែល​លើកឡើង​នៅក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។ ក្នុងករណី​មាន សមាជិក​អចិន្ត្រៃយ៍​ណាមួយ​បោះឆ្នោត​វេតូ សេចក្ដីសម្រេច​ដំណោះស្រាយ​ឬ​វិធានការ​នោះ​មិនអាច​អនុវត្ត​បានទេ​។​
​បើ​មាន​សេចក្តី​បន្ថែម​ឬ​ទស្សនៈ​ថ្មីៗ​ប​ន្ថែម សូមមេត្តា​ចូលរួម​តាម​ការគួរ​។​
​សូម​អរគុណ​!
៦ មីនា ២០២២ (​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​)​

(ប្រភពរាជបណ្ឌិត្យសភាកម្ពុជា)