ដោយៈ បូកគោ / កែប: អាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តច្បាប់ ធ្វើយ៉ាងណា រក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសរក្សាដីតំបន់ការពារធម្មជាតិ ឱ្យបានល្អ។ ប្រសិនបើក្រសួងជំនាញ រកឃើញមានការបាត់បង់ នោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវប្រឈមចំពោះមុខច្បាប់។
នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅសាលប្រជុំ សាលាខេត្តកែប។
ថ្លែងទៅកាន់មន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធ មកពីខេត្តកំពត និងខេត្តកែប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការយល់ដឹង អំពីទិដ្ឋភាពច្បាប់ ក៏ដូចជាលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធវិស័យបរិស្ថាន ក៏ដូចជាធនធានធម្មជាតិ ពិតជាមានសារសំខាន់ ក្នុងការរួមចំណែក ការពារអភិរក្ស ប្រកបដោយចីរភាព។ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ មិនបានល្អ នឹងបង្កឱ្យមានជម្លោះដីធ្លី កើតឡើង។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បញ្ហាទាំងនេះ ក៏នឹងធ្វើឱ្យកើតមាននូវ បម្រែបម្រួល អាកាសធាតុផងដែរ។ ដូច្នេះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវប្រុងប្រយ័ត្ន រាល់ការចុះហត្ថលេខា លើកិច្ចសន្យាផ្ទេរ ឬទិញលក់ដីធ្លី ទាំងឡាយ។
អ្នកនាំពាក្យដដែល បានបញ្ជាក់ថា ប្រសិនបើអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ មិនចូលរួមអនុវត្តទេនោះ ច្បាប់នឹងអនុវត្តជាធរមាន ព្រោះក្រសួងបរិស្ថាន បានប្រកាស បដិសេធ នូវរាល់លិខិតស្នាមផ្ទេរ ឬទិញលក់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិទាំងអស់ រួចរាល់ហើយ។ ចំពោះដីតំបន់ការពារធម្មជាតិក្នុងខេត្តកែប ក៏មានការបាត់បង់មួយចំនួន ដោយសារប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ និងអាស្រ័យផលផ្សេងៗផងដែរ៕/V