ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ តាមរយៈប្រតិ បត្តិការ PKO ៣0ឆ្នាំកន្លង ទៅធ្វើឲ្យតួនាទីរបស់ជប៉ុននៅក្នុងឆាកអន្តរជាតិក្នុងការស្វែងរកសន្តិភាពកាន់តែមានការរីកចំរើនឡើង​។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបែបនេះទៅកាន់លោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី ១នៃនាវា កងកម្លាំងស្វ័យការពារជើង ទឹកជប៉ុន(JMSDF)ដែលត្រូវបានអនុញ្ញាតឲ្យចូបលជួបសំដែងការគួរសមនិងពិភាក្សាការងារនាល្ងាចថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក Noguchi Yasushi បានសំដែងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានធ្វើជាប្រធានអាស៊ានហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប៣០ឆ្នាំនៃPKO ។ ជាមួយនោះលោក Noguchi ក៏បានសម្ដែងនូវ អំណរគុណជូនចំពោះសម្តេចតេជោដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុនជាពិសេសតាមរយៈលោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេស ជប៉ុនកន្លងមក ។

លោក Noguchi ក៏បានប្ដេជ្ញាជូនសម្ដេចតេជោ ហ៊ុន សែន ថាលោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណារក្សាសុវត្តិភាព សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយដែលនាវាជប៉ុនបានចូលចតនៅកម្ពុជាហើយការចូលចតនេះគឺចំខួប៣០ឆ្នាំ PKO ហើយអ្វីដែលសំខាន់ជាងនេះ ទៅទៀតគឺការចូលចតនៃនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននាពេលនេះបានបង្ហាញឲ្យឃើញនូវភាពជោគជ័យនៃប្រតិបត្តិការPKO កាលពីរយៈពេល៣០ឆ្នាំកន្លងទៅ ។

តាមប្រតិបត្តិការ PKO រយៈពេល៣0ឆ្នាំកន្លងទៅនេះសម្ដេចតេជោបានសង្កេតឃើញថាតួនាទីរបស់ជប៉ុននៅក្នុងឆាកអន្តរជាតិក្នុងការស្វែងរកសន្តិ ភាពកាន់តែមានការរីកចំរើន ឡើងហើយ PKO ដែលបានមកកាន់កម្ពុជាកន្លងមកមិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេនៅបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាថែមទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសម្ដេចពិតជាមានមោទនភាពណាស់ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហ ប្រតិបត្តិការធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខនិងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។

បន្ទាប់ពីជំនួបនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញជប់លៀងជូនដល់នាយនាវី និង ពលនាវឹកនៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF)នៅក្នុងសណ្ឋាគារសុខាផងដែរ ។

កន្លងផុតរយៈពេល ៣០ ឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍ដែលកម្ពុជាត្រូវធ្វើជួនពេលដែលកងនាវារបស់ជប៉ុននឹងចូលមកដល់កំពង់ផែកម្ពុជានៅពាក់កណ្តាលក្នុងខែមីនាខាងមុខ នេះដែលជាផ្នែកមួយនៃសកម្មភាពនៃការរំលឹកខួប ៣០ ឆ្នាំ នៃកងស្វ័យការ​ពារ​របស់ជប៉ុនមកកាន់កម្ពុជាដែលមានពលីកម្មរបស់កងទ័ព កងនគរបាលរបស់ជប៉ុននៅលើទឹកដី កម្ពុជាផងហើយក៏ដំណើរឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង។

សូមជម្រាបថានាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានឈ្មោះទី១. URAGA – 463មានបណ្ដោយ១៤១ម៉ែត្រទទឹង២២ម៉ែត្រ,ជម្រៅទឹក៥,៤ ម៉ែត្រមាន ទម្ងន់ផ្ទុក៥.៦៥០ តោន និងមាននាវិកចំនួន១២៦នាក់ ។នាវាទី២.ឈ្មោះ HIRADO –305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រមានទម្ងន់ផ្ទុក៦៩០តោននិងមាននាវិកចំនួន ៥៤នាក់៕