ដោយៈសុផល/ភ្នំពេញៈវគ្គបណ្តុះបណ្តាលមួយស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងការបង្កើតយុវជន ៤ក.៤រ» បានត្រូវរៀបចំឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១៤ ខែមីនាឆ្នាំ២០២២ ក្នុងគោលបំណងបញ្ជ្រាបពីវិធីសាស្ត្រជួយកាត់បន្ថយសំណល់ប្លាស្ទិកជូនទៅដល់គរុសិស្ស។
លោក គិត ច័ន្ទគ្រឹស្នា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលនេះនិងមានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីបើកវគ្គលោក គិត ច័ន្ទគ្រឹស្នា បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះមានសារៈសំខាន់ណាស់ ដែលជាសកម្មភាពរួមគ្នាឈានឆ្ពោះទៅអនុវត្តការកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការរស់នៅស្អាត និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។ បញ្ហាសំណល់ប្លាស្ទិក ជាបញ្ហាសកល ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយស្របជាមួយគ្នានេះ ក៏មានការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិកផងដែរ។
លោកបានបន្តឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមដែលបានចូលរួមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹង ក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងជំរុញសកម្មភាពនេះធ្វើឱ្យប្រសើរឡើងនូវការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។
លោកគិត ច័ន្ទគ្រឹស្នា សង្ឃឹមថា សិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា «យុវជន ៤ក.៤រ» ដែលសំដៅលើ៖ ក១.ការប្រើប្រាស់ឡើងវិញ(REUSE) ក២.ការកាត់បន្ថយ(REDUCE) ក៣.ការកែច្នៃ(RECYCLE) ក៤.ការបដិសេធ(REFUSE) រីឯ ៤រ គឺ រ១.រៀន រ២.រើស រ៣.រក និងរ៤.រម្លឹក ហើយនៅថ្ងៃមុខ យុវជន៤ក.៤រ នឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ៕សរន