ដោយៈសុផល/ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំលើកទី១“ក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ”កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM MEETING) ។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃនិងគ្រប់គ្រងតំបន់ គោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ បានលើកឡើងអំពីការឆ្លើយតបនឹងវិបត្តិកូវីដ-១៩រាជរដ្ឋាភិបាល បានបង្កើតនូវគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩, និងអនុគណៈកម្មការចំណុះពាក់ព័ន្ធនានា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩និងដោះស្រាយ បញ្ហាប្រឈមផ្សេងៗទៀត។
ជាមួយគ្នានេះ សម្រាប់វិស័យទេសចរណ៍កម្ពុជាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេច បង្កើត “ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិ ជំងឺកូវីដ-១៩” ដែលមានតួនាទី និងភារកិច្ចដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្តផែនទីចង្អុលផ្លូវ (ROADMAP) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ដោយបាន បំពេញកិច្ចការងារចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងនិងស្តារវិស័យទេសចរណ៍ដែលបានទទួលរងផលប៉ះពាល់យ៉ាងដំណំក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្លាប់ជាវិស័យដើរតួនាទីជាជន្ទល់នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ។
មួយវិញទៀត លោកប្រធានក្រុមការងារប្រតិបត្តិ បានបញ្ជាក់ផងថា តាមរយៈសេចក្ដីសម្រេចលេខ ០១៩ សសរ. ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ស្ដីពីការបង្កើតក្រុមការងារប្រតិបត្តិដើម្បីវាយតម្លៃនិងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍ សុវត្ថិភាពរាជធានីភ្នំពេញ ដើម្បី សិក្សា វាយតម្លៃ តាមដាន ចងក្រងរបាយការណ៍/ឯកសារនិងធ្វើបច្ចុប្បន្នភាពស្ថានភាព គោលដៅនិងប្រភពទីផ្សារយោងតាមស្ថានភាពបម្រែបម្រួលក្នុងតំបន់និងជាសកលលោក។
អង្គប្រជុំបានសាទរចំពោះការបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅ ទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ និងបានឯកភាពដាក់ចេញនូវទិសដៅការងារមួយចំនួនរួមមាន៖
-បន្តនិងជំរុញបន្ថែមលើការងារវាយតម្លៃទីផ្សារទេសចរណ៍អន្តរជាតិ ដែលគួរស្រូបទាញយកក្នុងដំណាក់កាលនេះ ដោយបច្ចុប្បន្នទីផ្សារទេសចរណ៍ពិតជាមានការប្រកួតប្រជែងស្រួចស្រាលបំផុត និងកាន់តែតូចចង្អៀត។
-បន្តធ្វើសហការនិងឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអន្តោប្រវេសន៍លើការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍អនុវត្តទាំងឡាយដែលបានសម្រេចនិងដាក់ចេញដោយរាជរដ្ឋាភិបាល ពិសេសនូវរាល់គោលការណ៍អនុវត្តដែលមានចរិកសម្រួលដល់ការធ្វើដំណើររបស់ ភ្ញៀវទេសចរ។
-បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមាសម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ឱ្យអនុវត្តកន្លងមក ដោយយើងមិនអាច “ថយក្រោយទេ” គឺពុំបន្ថយលក្ខខណ្ឌក្នុងការអនុវត្តនោះឡើយ។
-លេខាធិការដ្ឋានត្រូវប្រមូលនិងសរុបរបាយការណ៍សមិទ្ធផលរបស់ក្រុមការងារជាប្រចាំខែនិងត្រូវធ្វើឱ្យបានទៀតទាត់៕
សរន