ដោយៈប.ខុន/ភ្នំពេញៈសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងទិសដៅឆ្នាំ២០២២របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមផ្ទាល់និងតាមរយៈ អនឡាញប្រមាណជាង៤០០នាក់បានបិទបញ្ចប់ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១និងទិសដៅឆ្នាំ២០២២ថាលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមបិទសន្និបាត ដែលបានប្រព្រឹត្តទៅមានរយៈពេលពេញមួយថ្ងៃមកនេះ។

លោករដ្ឋមន្ត្រីថ្លែងបន្តទៀតថា លទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងទិសដៅឆ្នាំ២០២២ បានផ្តោតលើទិដ្ឋភាពជាសារវ័ន្តចំនួនបួនជាសំខាន់ដែលរួមមានៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ,ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាពនិងធនធានមនុស្ស។ទិដ្ឋភាពទាំងបួននេះជាលទ្ធផលបូកសរុបរួមដែលបានពិនិត្យវាយតម្លៃនិងពិភាក្សាស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយដើម្បីកែលម្អនិងបំពេញបន្ថែមពីសំណាក់អង្គសន្និបាតទាំងមូលនិងដោយមានការឯកភាពគ្នាជាឯកកឆន្ទនិងស្មារតីគាំទ្រគ្នាទៅវិញទៅមកប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទដែលបានអញ្ជើញ ចូលរួមក្នុងពិធីខាងលើបានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងទិសដៅឆ្នាំ២០២២ដែលបានប្រព្រឹត្តទៅនៅក្នុងអគាររបស់ទីស្តីការក្រសួងនិងមានការបន្តផ្ទាល់តាមរយៈប្រព័ន្ធអនឡាញ ដោយគោរព គោលការណសុវត្ថិភាពទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ក្នុងនាមរដ្ឋាភិបាលនិងក្នុង នាមខ្លួនខ្ញុំផ្ទាល់សូមសម្តែងនូវការកោតសរសើរដោយស្មោះនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរកត់សម្គាល់ក្រោមកិច្ចសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិវិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាទូទាំងប្រទេស ដោយខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តអនុវត្ត ប្រកបដោយជោគជ័យស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងផែនការអភិវឌ្ឍន៍យុទ្ទសាស្ត្រជាតិ២០១៩ ២០២៣ របស់រាជរដ្ឋាភិបាលទោះបីជាយើងទាំងអស់គ្នាកំពុងប្រឈមទៅនឹងផលប៉ះពាល់ជាវិជ្ជមាន នៃការរីករាលដាលជម្ងឺកូវីដ១៩ក៏ដោយ ។ ខ្ញុំសូមគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបរបស់ក្រសួង ដែលរួមមានទាំងសមទ្ធផលបញ្ហាប្រឈមនិងទិសដៅការងារនានាដែលអង្គសន្និបាតបានធ្វើការពិភាក្សាគ្នាក្នុងរយៈពេលពេញមួយថ្ងៃនេះ៕សរន