ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បណ្តាញទូរទស្សន៍ Fox News បាននិយាយកាលពីថ្ងៃអង្គារទី១៥មីនាថា អ្នកថតវីដេអូជើងចាស់ម្នាក់ និងអ្នកកាសែតអ៊ុយក្រែនអាយុ ២៤ ឆ្នាំម្នាក់ដែលធ្វើការឱ្យ Fox News ទាំងពីរនាក់បានស្លាប់ នៅពេលដែលរថយន្តរបស់ពួកគេរងការបាញ់ប្រហារនៅជាយក្រុងគៀវ។
លោក ពៀរ៉េ ហ្សាក់ហ្សេស្គី (Pierre Zakrzewski)ជនជាតិអៀរឡង់អាយុ ៥៥ ឆ្នាំ និងនាង អូឡេកសាន់ដ្រា “សាសា” កូវស៊ីណូវ៉ា (Oleksandra “Sasha” Kuvshynova)បានកំពុងធ្វើដំណើរកាលពីថ្ងៃចន្ទនៅសង្កាត់ហូរេនកា (Horenka) ជាមួយអ្នកយកព័ត៌មាន Fox News លោក បិនចាមីន ហល់ (Benjamin Hall) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
លោកស្រី ស៊ូហ្សាន ស្កុត (Suzanne Scott) ជានាយកប្រតិបត្តិនៃបណ្តាញទូរទស្សន៍នេះបាននិយាយនៅក្នុងកំណត់ហេតុបុគ្គលិកថា “ថ្ងៃនេះជាថ្ងៃដ៏សោកសៅសម្រាប់ Fox News Media និងសម្រាប់អ្នកសារព័ត៌មានទាំងអស់ដែលប្រថុយជីវិតរបស់ពួកគេដើម្បីផ្តល់ព័ត៌មាន”។
កាលពីថ្ងៃអាទិត្យ អ្នកផលិតភាពយន្តឯកសារលោក ប្រេន រីណូដ (Brent Renaud) ដែលជាអ្នកកាសែតជើងចាស់ម្នាក់ទៀតខាងយកព័ត៌មាននៅតំបន់សង្គ្រាមដែរនោះ បានស្លាប់នៅពេលដែលកងកម្លាំងរុស្ស៊ីបើកការបាញ់ប្រហារទៅលើរថយន្តរបស់គាត់នៅសង្កាត់អៀរពីន (Irpin) នៅជាយក្រុងគៀវ។
ការស្លាប់របស់អ្នកកាសែតទាំងបីនាក់ក្នុងរយៈពេលដ៏ខ្លីនេះគឺគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលមនុស្សប្រឈមមុខនឹងសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសអ៊ុយក្រែនសូម្បីតែអ្នកដែលមានបទពិសោធន៍ច្រើនក្នុងការរាយការណ៍ពីតំបន់ជម្លោះ។
លោកស្រី សាំមឺ ឡូប៉េស (Summer Lopez)នាយកកម្មវិធីសេរីភាពបញ្ចេញមតិនៅអង្គការ PEN America បាននិយាយថា គ្រោះថ្នាក់សម្រាប់អ្នកកាសែតហាក់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈការប្រយុទ្ធគ្នាហាក់កាន់តែឃោរឃៅនិងផ្តោតលើតំបន់ទីក្រុងកាន់តែច្រើនឡើង៕
លោក ពៀរ៉េ ហ្សាក់ហ្សេស្គី (ឆ្វេង) និងនាងសាសាស្លាប់កាលពីថ្ងៃអង្គារ ក្រោយទាហានរុស្ស៊ីបើកការបាញ់ប្រហារលើរថយន្តពួកគេនៅសង្កាត់ហូរេនកា