ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុគ្គលិកទូរទស្សន៍រដ្ឋរុស្ស៊ីម្នាក់ ដែលបានរំខានកម្មវិធីព័ត៌មានផ្សាយផ្ទាល់ដោយតវ៉ាប្រឆាំងនឹងសង្គ្រាមជាមួយអ៊ុយក្រែនត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ពិន័យ។
លោកស្រី ម៉ារីណា អូវស៊ីយ៉ាននីកូវ៉ា (Marina Ovsyannikova) ជាបុគ្គលិកប៉ុស្តិ៍លេខ១ ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីបានដើរចូលទៅក្នុងស្ទូឌីយ៉ូក្នុងអំឡុងពេលកម្មវិធីព័ត៌មានពេលល្ងាចកាលពីថ្ងៃចន្ទទី១៤មីនាជាមួយនឹងផ្ទាំងបដាសរសេរថា “បដិសេធសង្គ្រាម” និង “ប្រជាជនរុស្ស៊ីចូរនាំគ្នាប្រឆាំងនឹងសង្គ្រាម”។
ក្នុងវីដេអូដែលថតមុនពេលលោកស្រីធ្វើសកម្មភាព លោកស្រីបាននិយាយថា ឪពុករបស់លោកស្រីជាជនជាតិអ៊ុយក្រែន ហើយម្តាយជាជនជាតិរុស្ស៊ី។
លោកស្រីបានបន្ថែមថា “រុស្ស៊ីគឺជាប្រទេសឈ្លានពាន ហើយមនុស្សម្នាក់គត់គឺលោក វ្ល៉ាឌីមៀរ ពូទីនជាទទួលខុសត្រូវទាំងស្រុងចំពោះការឈ្លានពាននោះ”ហើយបានជំរុញឱ្យប្រជាជនរុស្ស៊ីចូលរួមការតវ៉ាប្រឆាំងនឹងសង្គ្រាម។
លោកស្រីអូវស៊ីយ៉ាននីកូវ៉ាបានចំណាយពេលមួយយប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ហើយកាលពីថ្ងៃអង្គារ តុលាការសង្កាត់អូស្តានគីណូ (Ostankino) នៃទីក្រុងមូស្គូបានបង្គាប់ឱ្យលោកស្រីបង់ប្រាក់ពិន័យចំនួន ៣០.០០០ រូប៊ិល (ប្រហែល ២៦០ ដុល្លារ) ជុំវិញការចោទប្រកាន់ពីបទរៀបចំសកម្មភាពដែលគ្មានការអនុញ្ញាតជុំវិញការអំពាវនាវរបស់លោកស្រីឱ្យប្រជាជនចូលរួមក្នុងបាតុកម្មប្រឆាំងនឹងសង្គ្រាម។
គណៈកម្មាធិការស៊ើបអង្កេត ដែលជាទីភ្នាក់ងារស៊ើបអង្កេតរដ្ឋកំពូលរបស់រុស្ស៊ីក៏កំពុងស៊ើបអង្កេតលោកស្រីអូវស៊ីយ៉ាននីកូវ៉ាលើការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតជាសាធារណៈអំពីយោធារុស្ស៊ីផងដែរ ដែលច្បាប់ដាក់ទណ្ឌកម្មថ្មីនេះត្រូវបានអនុម័តមួយថ្ងៃបន្ទាប់ពីរុស្ស៊ីលុកលុយអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ។
ប្រសិនបើត្រូវបានកាត់ទោសពីបទចោទនេះ លោកស្រីអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ៕
លោកស្រីអូវស៊ីយ៉ាននីកូវ៉ាអាចជាប់គុក១៥ឆ្នាំបើគេរកឃើញកំហុសពីបទផ្សព្វផ្សាយព័ត៌មានមិនពិតជាសាធារណៈ