ប្រែសម្រួលៈបំណង(Xinhua,ST)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារទី១៥មីនាបានទទូចសុំអោយអាម៉េរិកខិតខំខ្លាំងឡើងដើម្បីសម្រាលស្ថានការណ៍នៅអ៊ុយក្រែន។
អ្នកនាំពាក្យលោក ចាវ លីជៀន(Zhao Lijian)បានធ្វើការស្នើសុំដូច្នេះក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយនៅក្រុងប៉េកាំង ក្នុងការឆ្លើយតបទៅនឹងសំណួរមួយពាក់ព័ន្ធនឹងការចោទប្រកាន់កាលពីពេលថ្មីៗចេញពីពួកមន្ត្រីអាម៉េរិក ស្តីពីទំនាក់ទំនងចិន-រុស្ស៊ីនិងសង្គ្រាមអ៊ុយក្រែន។
អ្នកនាំពាក្យលោក ចាវ លីជៀន ថាអាម៉េរិកប្រឌិតនិងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងរុស្ស៊ីសុំជំនួយពីចិន
លោកចាវបាននិយាយថា រដ្ឋាភិបាលអាម៉េរិកបានជូនដំណឹងទៅអង្គការណាតូនិងសម្ពន្ធមិត្តអាស៊ីខ្លះរបស់ខ្លួនថា រុស្ស៊ីបានស្នើសុំជំនួយយោធានិងសេដ្ឋកិច្ចពីចិន ហើយចិនបានយល់ព្រមតែនឹងធ្វើជាបដិសេធវាជាសាធារណៈ។
ដោយបានបញ្ជាក់ថា រុស្ស៊ីបានបដិសេធរួចហើយអំពីការសុំជំនួយពីចិន លោកចាវបាននិយាយថា សហរដ្ឋអាម៉េរិកប្រឌិតនិងផ្សព្វផ្សាយព័ត៌មានមិនពិតពីពេលមួយទៅពេលមួយ ហើយអំពើដូច្នេះ«វាមិនវិជ្ជាជីវៈ អសីលធម៌និងជាការមិនទទួលខុសត្រូវ។ការប្រតិបត្តិរបស់គេគ្រាន់តែធ្វើអោយអាម៉េរិកខ្លួនឯងបាត់បង់ជំនឿជឿជាក់ពីអ្នកដទៃ និងបាត់បង់កិត្តិយសនៅលើឆាកអន្តរជាតិ»។
លោកចាវ បានបន្ថែមថា អាម៉េរិកគួរឆ្លុះបញ្ចាំងអំពីតួនាទីរបស់ខ្លួននៅក្នុងដំណើរការវិវត្តន៍សភាពការណ៍នៃវិបត្តិអ៊ុយក្រែន និងធ្វើការខិតខំធំដុំឡើងដើម្បីសម្រាលសភាពការណ៍នៅអ៊ុយក្រែន។
លោកក៏បានច្រានចោលរបាយការណ៍សារព័ត៌មានដែលនិយាយយោងតាមមន្ត្រីអាម៉េរិកដែលថា រដ្ឋាភិបាលក្រុងប៉េកាំងបានដឹងផែនការរបស់រុស្ស៊ីអំពីការវាយប្រហារអ៊ុយក្រែនថាអាចនឹងកើតឡើងឆាប់ៗនិងបានស្នើសុំអោយប្រធានាធិបតីពូទីនពន្យារពេលបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែនរហូតដល់ពេលចប់ការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងទៀតផង។
ក្នុងថ្ងៃអង្គារនេះដែរ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានបញ្ជាក់ថា ចិនមិនបានចូលពាក់ព័ន្ធក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនទេ និងក៏មិនចង់អោយទណ្ឌកម្មប៉ះពាល់ខ្លួនដែរ។
ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេស្ប៉ាញ កាលពីថ្ងៃចន្ទ លោកវ៉ាងបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបាននិងកំពុងជំរុញអោយមានកិច្ចពិភាក្សា«តាមផ្លូវវាផ្ទាល់»ចាប់តាំងពីពេលផ្ទុះសង្គ្រាមមកម្ល៉េះ និងបានបន្ទោសប្រទេសខ្លះថា«មួលបង្កាច់ចិន»។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរផ្លូវការរបស់ចិនបានស្រង់សម្តីលោកវ៉ាងដែលបាននិយាយថា«ចិនមិនជាភាគីក្នុងវិបត្តិនេះផ្ទាល់ទេនិងក៏មិនចង់រងទណ្ឌកម្មថែមទៀតដែរ។ចិនមានសិទ្ធិការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ចិននិងអាម៉េរិកគួរពង្រឹងការចរចានិងកិច្ចសហប្រតិបត្តិការ ចាត់ចែងការខ្វែងគំនិតគ្នាអោយបានត្រឹមត្រូវនិងរារាំងជម្លោះនិងការប្រឈមមុខគ្នា»។
ការលើកឡើងរបស់មន្ត្រីការទូតចិនកើតឡើងក្រោយជំនួបកំរិតខ្ពស់នៅទីក្រុងរ៉ូមរវាងមន្ត្រីការទូតកំពូលចិនលោក យ៉ាង យីជិ និងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកអស់ពេលជាងប្រាំពីរម៉ោងកាលពីថ្ងៃចន្ទជុំវិញសង្គ្រាមអ៊ុយក្រែននិងបញ្ហាទ្វេភាគីមួយចំនួន៕
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី ថារដ្ឋាភិបាលក្រុងប៉េកាំងខិតខំជំរុញការចរចាអំពីវិបត្តិអ៊ុយក្រែន និងចិនមិនពាក់ព័ន្ធក្នុងជម្លោះនេះទេ