ដោយៈ​តាកែវ​/​តាកែវៈក្រុមមន្ត្រី​ជញ្ជីង​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក គី សាន់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង ដឹកជញ្ជូន​រួមជាមួយ​មន្ត្រី មន្ទី​សាធារណការ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២២​បាន​ឃាត់​រថយន្ត​ដឹកស្រូវ​ចំនួន​ប្រាំ គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតនៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។​

​ក្រុមមន្ត្រី​ជញ្ជីង​ចល័ត​នៅក្នុង​ប្រតិបត្តិ​ការចុះ​ថ្លឹង​រថយន្ត​ដឹកស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន បានរ​ថ្លឹង​រថយន្ត​មួយចំនួន ហើយ​បាន​ឃាត់​រថយន្ត​ចំនួន​ប្រាំ​គ្រឿង​ដែល​បាន​ដឹក​លើស​ទម្ងន់​អនុញ្ញាត​។

​សមត្ថកិច្ច​ជំនាញ​បាន​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​មួយគ្រឿង​និង​ឃាត់ទុក​មួយឆ្នាំ​ចំពោះ​រថយន្ត​ចំនួន​បួន​គ្រឿង​ដែល​ដឹក​លើស​ទំងន់​ច្រើន​តោន​នៅ​មន្ទីរ​សាធារណការ​ខេត្តតាកែវ​។​

​រថយន្ត​ដឹកស្រូវ​ភាគច្រើន​នៅក្នុង​ខេត្តតាកែវ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​កំណត់​៤៥​តោន​ក្នុង​មួយ​រថយន្ត ៕​សរន​-PC