ដោយ​:​ អង្គា​រ៍​ហេង​/​ភ្នំពេញ: ​លោក ហុក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​សួស សុខា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ជា​មន្ត្រីរាជការ​ក្រសួង​ប្រៃសណីយ៍ រស់នៅ​ផ្ទះ​លេខ​៥៧Z ផ្លូវ​លេខ​៤០២ ភូមិ​៣ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ហើយ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​ចាប់ខ្លួន​បញ្ជូនមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជន​ត្រូវ​ចោទ​ត្រូវបាន​ចោទប្រកាន់​ពីបទ ឆបោក បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៣៧៧, មាត្រា​៣៧៨, មាត្រា​៣៩១ និង​មាត្រា​៣៨២ នៃ​ក្រម ព្រហ្មទណ្ឌ និង​មាត្រា​២៣១​នៃ​ច្បាប់​ស្តីពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ ។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ សួស សុខា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ​ក្រសួង​ប្រៃសណីយ៍ តាម​អំណាច​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​លេខ ២៦០ ក​១ ដ​ច​ន របស់ លោក ហុក ពៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​«​ឆបោក​, រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» នៅ​ចំណុច សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​/PC