ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបានផ្សាយក្នុងTelegramថា ឧត្តមសេនីយ៍ទោរុស្ស៊ីលោក អូឡេក មីតយ៉ាអេវ(Oleg Mityaev)បានស្លាប់ក្នុងអំឡុងពេលវាយសំរុកចូលទីក្រុងម៉ារីវប៉ូលកាលពីថ្ងៃអង្គារទី១៥មីនា។
មីតយ៉ាអេវ(ស្តាំ) ជាឧត្តមសេនីយ៍រុស្ស៊ីទី៤ដែលពលីជីវិតក្នុងសមរភូមិអ៊ុយក្រែន
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានរាយការណ៍អំពីការស្លាប់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ទៀតក្នុងសុន្ទរកាថាពេលយប់របស់លោក តែមិនទាន់មានការបញ្ជាក់ពីរុស្ស៊ីអំពីមរណភាពរបស់លោកឡើយទេ។
មីតយ៉ាអេវ អាយុ៤៦ឆ្នាំ ជាមេបញ្ជាការកងពលរថក្រោះទី១៥០និងធ្លាប់ប្រឡូកក្នុងសង្គ្រាមស៊ីរី ឥឡូវបញ្ចប់ជីវិតនៅអ៊ុយក្រែន
ក្នុងពេលជាមួយគ្នាមានសេចក្តីរាយការណ៍ថាទាហានរុស្ស៊ីបានចាប់យកមន្ទីរពេទ្យមួយនៅក្រុងម៉ារីវប៉ូលនិងចាប់មនុស្សប្រមាណ៥០០ជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហារមួយទៀតលើទីក្រុងកំពង់ផែភាគខាងត្បូងកាលពីយប់ថ្ងៃអង្គារ នេះបើតាមការបញ្ជាក់ពីមន្ត្រីប្រចាំតំបន់អ៊ុយក្រែន។
គីរីឡេនកូ(Kyrylenko) មន្ត្រីប្រចាំតំបន់បានសរសេរបង្ហោះក្នុងTelegramថា មនុស្សជាង៤០០នាក់នៅតាមផ្ទះក្នុងសង្កាត់ក្បែរខាងមន្ទីរពេទ្យតំបន់ ត្រូវទាហានរុស្ស៊ីចាប់បង្ខំអោយចូលក្នុងមន្ទីរពេទ្យ។គ្រូពេទ្យនិងអ្នកជំងឺប្រមាណ១០០នាក់ទៀតស្ថិតនៅក្នុងមន្ទីរពេទ្យ។ទាហានរុស្ស៊ីប្រើប្រាស់ពួកគេជាខែលមនុស្សហើយមិនអនុញ្ញាតអោយពួកគេចេញទេ។
លោក គីរីឡេនកូ បានបន្ថែមថា អាគារមន្ទីរពេទ្យរងការបាញ់ផ្លោងខូចខាតជាខ្លាំងតែពួកគ្រូពេទ្យនៅព្យាយាមព្យាបាលអ្នកជំងឺនៅជាន់ក្រោម។
ក្នុងពេលជាមួយគ្នា ឧត្តមសេនីយ៍អ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីកំពុងព្យាយាមបិទខ្ទប់ទីក្រុងនេះមកពីជាយក្រុងពីទិសខាងលិច និងខាងកើត
កាលពីយប់ថ្ងៃអង្គារផងដែរ កងកម្លាំងអ៊ុយក្រែនបានវាយរុញច្រានកងកម្លាំងរុស្ស៊ីនៅទីក្រុងខាគីវ(Kharkiv)។
បើតាមមន្ត្រីយោធាអាម៉េរិកជាន់ខ្ពស់ម្នាក់ ទាហានជើងគោករុស្ស៊ីបានធ្វើការរុលទៅមុខមានកំរិតនៅ២៤ម៉ោងចុងក្រោយនេះនៅក្នុងការប៉ុនប៉ងរបស់គេដើម្បីចាប់យកទីក្រុងធំៗនៅអ៊ុយក្រែន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក ចូ បៃដិនជិតប្រកាសផ្តល់ជំនួយជិត១ពាន់លានបន្ថែមដល់អ៊ុយក្រែននៅក្នុងសុន្ទរកថារបស់លោកនៅថ្ងៃពុធស្តីពីស្ថានការណ៍អ៊ុយក្រែន។ជំនួយនេះចេញពីប្រាក់ជំនួយយោធា១៣,៦ពាន់លានដុល្លារដែលអាម៉េរិលៃទុកសំរាប់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវថ្លែងទៅកាន់សភាអាម៉េរិកនៅថ្ងៃពុធ និងត្រូវគេរំពឹងថាលោកជាថ្មីទៀតនឹងអំពាវនាវអោយអាម៉េរិកនិងលោកខាងលិចបញ្ជូនយន្តហោះប្រយុទ្ធអោយអ៊ុយក្រែន ឬបង្កើតតំបន់ហាមហោះហើរលើអ៊ុយក្រែន ជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានច្រានចោលរួចមកហើយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងទៅរកការបញ្ជូនបន្ថែមសព្វាវុធប្រើមានប្រសិទ្ធភាពនាពេលកន្លងមក រួមមានកាំជ្រួចកំទេចរថក្រោះនិងប្រព័ន្ធការពារដែនអាកាស ៕
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវថ្លែងទៅកាន់សភាអាម៉េរិកនៅថ្ងៃពុធ