ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅចុងខែមីនានេះ អ្នកប្រដាល់សកល ជម្រើសជាតិកម្ពុជា ចំនួន៣រូប និងគ្រូបង្វឹកមួយនាក់ នឹងចេញទៅហ្វឹកហាត់ រយៈពេលខ្លី នៅប្រទេសថៃ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថាៈ ការបោះជំរុំ ហ្វឹកហាត់ នៅថៃនេះ រួមមាន កីឡាករ កីឡាករ សៅ រង្ស៊ី ប្រភេទទម្ងន់ ៥៧ គីឡូក្រាម, កីឡាករ ទូច ដេវីត ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ វី សុភ័ស ប្រភេទទម្ងន់ ៦៩ គីឡូក្រាម ចំពោះ គ្រូបង្វឹកមួយរូប ដែលត្រូវដឹកនាំគឺលោក ជ័យ ណារ៉ា។
លោកបានបន្ដថាៈ ការបោះជំរុំហ្វឹកហាត់នេះ ម្ចាស់ផ្ទះថៃ គឺជាអ្នកឧបត្ថម្ភ ថ្លៃសំបុត្រយន្ដហោះ ការហូបចុក និងស្នាក់នៅ គ្រាដែលអនុប្រធានសហព័ន្ធ លោក ខេស៊ី បាណេត ឧបត្ថម្ភលើ ការទិញធានារ៉ាប់រង ដល់កីឡាករ និងការពិនិត្យសុខភាព សម្រាប់ចូលរួមការប្រកួតជាដើម។ ក្រៅពីការហ្វឹក ហាត់ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ក៏នឹងទទួលបានឱកាស ចូលរួមប្រកួត Thailand Open International Boxing Tournament 2022 នៅខេត្តភូកេត (Phuket) ចាប់ពីថ្ងៃទី ១-១០ ខែមេសា ដើម្បីពង្រឹងសមត្ថភាព មុនត្រឡប់មកកម្ពុជា និងត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ទៀតផង។
លោក ប៊ុយ សុភ័ណ្ឌ បានចាត់ការបោះជំរុំហ្វឹកហាត់ និងការប្រកួតនេះ គឺជាឱកាសដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិ ប្រដាល់សកល ក្នុងការពង្រឹង និងវាស់ស្ទង់កម្រិតសមត្ថភាព បច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈ ចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ដែលត្រូវប្រកួតពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា សម្រាប់ការត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ៨ រូប ទៅចូលរួម គឺមាន កីឡាករ ៦រូប និងកីឡាការិនី ២រូប៕/V-PC