ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកកាសែតម្នាក់ទៀតត្រូវបានបាញ់សម្លាប់ក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារទី១៥មីនាដែលវាជាឃាតកម្មទីប្រាំបីមកទល់ពេលនេះក្នុងឆ្នាំនេះនៅក្នុងការសម្លាប់មិនធ្លាប់មានពីមុនមក ដែលបានធ្វើឱ្យម៉ិកស៊ិកក្លាយជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់សារព័ត៌មាន។
ការសម្លាប់អ្នកយកព័ត៌មាននិងអ្នកថតរូបក្នុងឆ្នាំនេះនៅក្នុងប្រទេសម៉ិកស៊ិកបានកើតឡើងស្ទើរតែក្នុងអត្រាម្នាក់ក្នុងមួយសប្តាហ៍ បើទោះបីជាមានការអះអាងពីរដ្ឋាភិបាលថាស្ថានការណ៍នេះគឺស្ថិតក្រោមការគ្រប់គ្រងក៏ដោយ។
រដ្ឋអាជ្ញានៅរដ្ឋមីឆាវខេន (Michoacan) ភាគខាងលិចបាននិយាយថា អ្នកយកព័ត៌មានឈ្មោះ អាម៉ាន់ដូ លីណារ៉េស (Armando Linares)ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារទី១៥មីនានៅផ្ទះមួយក្នុងទីក្រុងហ្ស៊ីតាគូរ៉ូ (Zitacuaro) នៅជិតតំបន់ភ្នំសម្បូរមេអំបៅនៅភាគខាងលិចទីក្រុងម៉ិកស៊ីកូ។
តំបន់នេះត្រូវបានញាំញីដោយការកាប់ឈើខុសច្បាប់និងក្រុមឧក្រិដ្ឋគ្រឿងញៀន ជម្លោះអភិបាលកិច្ចក្នុងតំបន់ និងការកាប់បំផ្លាញព្រៃឈើ ដែលពាក់ព័ន្ធនឹងការពង្រីកផលិតកម្មផ្លែបឺរ។ការកាប់ឈើបានបំផ្លាញព្រៃស្រល់ ជាកន្លែងដែលមេអំបៅចំណាយពេលរដូវរងា បន្ទាប់ពីធ្វើចំណាកស្រុកពីសហរដ្ឋអាម៉េរិកនិងកាណាដា។
លោកលីណារ៉េសបានបម្រើការជាចាងហ្វាងការផ្សាយនៅវេបសាយ Monitor Michoacanដែលកាលពីថ្ងៃអង្គារបានបន្តបង្ហាញអត្ថបទមួយដែលគាត់បានសរសេរអំពីពិធីបុណ្យវប្បធម៌អបអរសាទរមេអំបៅ។
មិនមានព័ត៌មានភ្លាមៗអំពីហេតុផលដែលអាចកើតមាននៅក្នុងការសម្លាប់នេះទេ ប៉ុន្តែលោកលីណារ៉េសគឺជាបុគ្គលិកទីពីរនៅវេបសាយ Monitor Michoacan ដែលត្រូវបានសម្លាប់នៅឆ្នាំនេះ។
លោក រ៉ូបឺតូ ថូឡេដូ (Roberto Toledo) ដែលជាអ្នកកាន់កាមេរ៉ានិងជាអ្នកកាត់វីដេអូសម្រាប់វេបសាយ Monitor Michoacan ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី ៣១ ខែមករា ខណៈដែលគាត់ត្រៀមសម្រាប់បទសម្ភាសន៍មួយនៅទីក្រុងហ្ស៊ីតាគូរ៉ូ៕
លោក អាម៉ាន់ដូ លីណារ៉េស ជាចាងហ្វាងការផ្សាយរបស់វេបសាយ Monitor Michoacan ត្រូវបានបាញ់ស្លាប់កាលពីថ្ងៃអង្គារ