ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈនគរបាលក្រុងច្បារមនបាននាំខ្លួនប្តីប្រពន្ធពីរនាក់មកសួរនាំនិងកសាងសំណុំរឿងក្រោយបានប្រើហិង្សាទៅលើកុមារពីរនាក់ជាកូនចុងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ការនាំខ្លួនធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ខែមីនា ឆ្នាំ២០២២ចំណុចផ្ទះជួលក្នុងភូមិសា្វយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
លោក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមនបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីឈ្មោះ ហែម វិរៈ ហៅ ឡូ អាយុ៤២ឆ្នាំនិងស្ត្រីជាប្រពន្ធឈ្មោះ ឡាត់ ស្រីពៅ អាយុ៤៥ឆ្នាំពីបទហិង្សាលើកុមារ។កាលពីរសៀលថ្ងៃទី១៥ខែមីនា ស្ត្រីឈ្មោះ ឡាត់ ស្រីពៅ ជាម្តាយចុងបានវាយកូនប្រុសឈ្មោះ ភ័ណ្ឌ វីរៈបញ្ញា អាយុ១៣ឆ្នាំនិងឈ្មោះ ភ័ណ្ឌ វីរៈសក្ដដា អាយុ១០ឆ្នាំដែលរស់នៅក្នុងបន្ទុកបណ្តាលឱ្យរងរបួសពេញខ្លួន។
លោកបានបន្តទៀតថាក្រោយពីសាក្សីដែលរស់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ពីភាពឃោរឃៅរបស់ស្ត្រីម្តាយចុងខាងលើនេះលោកក៏បានចាត់កម្លាំងព្រហ្មទណ្ឌក្រុងសហការជាមួយកម្លាំងប៉ុស្តិចុះអន្តរាគមន៍ភ្លាមៗដោយឃាត់ខ្លួនស្ត្រីជាម្តាយចុងនិងកុមាររងគ្រោះទាំងពីរមកការិយាល័យជំនាញដើម្បីសួរ។
បច្ចុប្បន្នកុមារទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ។ រីឯស្ត្រីដៃដល់កំពុងស្ថិតក្រោមការសួនាំបន្ត។
បើយោងតាមសម្តីរបស់អ្នកជិតខាងបានអះអាងថា ករណីហិង្សាលើកូនចុងទាំងនាក់នេះមិនមែនជាលើកទីមួយទេ គឺកើតឡើងច្រើនលើកច្រើនសារមកហើយ ។រាល់ការវាយតប់លើកុមារទាំងពីរនាក់នេះទៀតសោត គេមិនដែលឃើញមានការអន្តរាគមន៍ពីបុរសជាឪពុកបង្កើតនោះទេ ដោយឃើញដូច្នេះហើយទើបអ្នកជិតខាងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍និងព្រមានម្តាយចុងនេះផង៕.mara