ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ទាំងនេះគឺជារូបភាពដំបូងនៃប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក ដែលដំឡើងនៅមូលដ្ឋានទ័ពអាកាសប៉ូឡូញស្ថិតនៅចម្ងាយត្រឹមតែ ៨០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
ប្រព័ន្ធការពារអាកាសបាញ់ពីដីទៅលើមេឃនេះត្រូវបានដំឡើងនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិរ៉េសហ្សូវ-ចាសុនកា (Rzeszow-Jasionka)បន្ទាប់ពីកងយន្តហោះរបស់កងទ័ពអាកាសអាម៉េរិក (USAF)បានហោះចេញពីមូលដ្ឋានរ៉ាមស្តេន (Ramstein) ប្រទេសអាល្លឺម៉ង់។
រឿងនេះកើតឡើងបន្ទាប់ពីទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាម៉េរិក (EUCOM) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ខ្លួននឹងដំឡើងប្រព័ន្ធមីស៊ីល Patriot នៅក្នុងប្រទេសប៉ូឡូញសម្រាប់ជា “ការដាក់ពង្រាយដើម្បីការពារខ្លួន” បន្ទាប់ពីមានការឈ្លានពានអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ី។
សន្តិសុខបានកើនឡើងគួរឱ្យកត់សម្គាល់នៅជុំវិញអាកាសយានដ្ឋាន ដែលត្រូវបានប្រើដោយក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលដូចជា Ryanair និង Wizz Airដែលធ្វើការហោះហើរនៅទីនោះពីអាកាសយានដ្ឋានអ៊ីសមីតលែន (East Midlands) ម៉ាន់ឆេស្ទើ (Manchester), ប្រ៊ីស្តុល (Bristol) និងលូតុន (Luton) នៅចក្រភពអង់គ្លេស។
ជើងទម្របាញ់មីស៊ីលទាំងនោះបានតម្រង់ទិសទៅខាងកើតឆ្ពោះទៅអ៊ុយក្រែនហើយកម្រិតប្រកាសអាសន្ននៅអាកាសយានដ្ឋានត្រូវបានបង្កើនបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យដោយរុស្ស៊ីនៅឯបរិវេណហ្វឹកហាត់យោធានៅតំបន់យ៉ាវ៉ូរីវ (Yavoriv)ដែលមានចម្ងាយត្រឹមតែ ១១២ គីឡូម៉ែត្រឆ្លងកាត់ព្រំដែនប៉ូឡូញ-អ៊ុយក្រែន។
ការវាយប្រហារនេះបាននាំមកនូវការបាញ់មីស៊ីលស្រោចទៅលើមជ្ឈមណ្ឌលរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិក្នុងទីក្រុងយ៉ារ៉ូវីវ (Yaroviv)ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធំធេងដល់តំបន់នេះ ហើយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣៥ នាក់ និងរបួស ១៣៤ នាក់៕
ប្រព័ន្ធមីស៊ីល Patriot ត្រូវបានដំឡើងនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិរ៉េសហ្សូវ-ចាសុនកា