ដោយ: ពៅនិមល/ភ្នំពេញៈ មន្ត្រីជាន់ខ្បស់នៃរដ្ឋាភិបាលកម្ពុជា បានអះអាងថា គិតមកដល់ពេលនេះ ទោះបីជាបញ្ហាសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីបានកើតឡើងយ៉ាណាក៏ដោយ ក៏កម្ពុជាមិនរងផលប៉ះពាល់ទេទៅដល់ការនាំទំនិញចេញនោះទេ ពោលគឺនៅតែបន្តសកម្មភាពជាធម្មតា។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែតមួយ កាលពីកន្លងទៅនេះ បានមានប្រសាសន៍ថា ទាក់ទិនបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ជះផលអាក្រក់ ឬវិជ្ជមានទេមកដល់កម្ពុជា លើកលែងតែតម្លៃប្រេងឥន្ធនៈប៉ុណ្ណោះ ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី។ លោកបានបន្តថា “មកដល់ពេលនេះ ការនាំទំនិញចេញ-ចូលរបស់កម្ពុជាទៅកាន់ប្រទេសរុស្សីនៅតែធម្មតា ហើយសម្រាប់ប្រទេសអ៊ុយក្រែន ក៏នៅតែធម្មតាដូចគ្នា និងនៅតែបន្តសកម្មភាពជាធម្មតា ដោយអត់មានប៉ះពាល់នោះទេ”។
ដោយឡែក ពាក់ព័ន្ធតម្លៃប្រេងឥន្ធនៈលោក ប៉ែនសុវិជាតិ បានលើកឡើងថា កាលពីសប្តាហ៍កន្លងទៅ ប្រេងឆៅមានតម្លៃ ១៣១ដុល្លារ ក្នុង១បារ៉ែល ហើយសប្តាហ៍បន្ទាប់ថ្លៃ ១៤៥ដុល្លារ ក្នុងមួយបារ៉ែល ហើយអាចបន្តបន្ទាប់ទៀតនឹងឡើងខ្ពស់ជាងនេះ។ បញ្ហានេះ គឺជារឿងមួយដែលរដ្ឋាភិបាលយកចិត្ដទុកដាក់ ហើយសង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ដូច្នេះអ្វីៗនឹងត្រឡប់មករកប្រក្រតីភាពវិញនៅពេលឆាប់ៗនេះ។ នេះការបញ្ជាក់បន្ថែមរបស់លោកអ្នកនាំពាក្យ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី មានចំនួនជាង ៩៤លានដុល្លារ កើនឡើងជាង ៣០លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួនជាង៦៣លានដុល្លារអាម៉េរិក។ ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១ដូចគ្នា មានចំនួនជាង៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារអាម៉េរិក៕សរន