ដោយៈ គ្រី សម្បត្តិ/ភ្នំពេញ: អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) បាននឹងកំពុងអំពាវនាវឱ្យនិស្សិតសកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងហ្វីលីពីន ឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតផលិតវីដេអូអប់រំផ្សព្វផ្សាយសេវាសាធារណៈ (PSA) ហៅថា Heads Up! ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីសុវត្ថិភាពនៃមួកសុវត្ថិភាពក្នុងចំណោមអ្នកធ្វើដំណើរដោយម៉ូតូ។ វីដេអូដែលជាជ័យលាភី នឹងទទួលបានថវិកាចំនួន ១,០០០ ដុល្លារអាម៉េរិក និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល។
តាមរយៈកម្មវិធីដែលផ្តោតលើថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ អង្គការមូលនិធិបង្ការរបួស អាស៊ី AIP សមាគមន៍ FIA និង មូលនិធិ FIA ធ្វើការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ដោយផ្តោតលើប្រជាសាស្ត្រដែលរងផលប៉ះពាល់ខ្លាំងបំផុត ពោលគឺអ្នកប្រើយានជំនិះវ័យក្មេង។ អង្គការនានាក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិអន្តរជាតិ ដើម្បីជំរុញមេដឹកនាំពិភពលោកឱ្យផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពផ្លូវថ្នល់នៅក្នុងគម្រោងអភិវឌ្ឍន៍នានា។សំឡេងរបស់យុវជនគឺជាយានដ៏មានឥទ្ធិពលបំផុត ឆ្ពោះទៅរកការផ្លាស់ប្តូរដ៏អស្ចារ្យ។ ហើយសំឡេងទាំងនេះដែលពោរពេញដោយទឹកចិត្តក្លៀវក្លា ភាពច្នៃប្រឌិត និងកម្លាំងចិត្ត នឹងឆ្លុះបញ្ចាំងនៅក្នុងគម្រោងយុទ្ធនាការ Heads Up! ថ្មី ។
អនុវត្តដោយអង្គការមូលនិធិបង្ការរបួស អាស៊ី AIP និង មូលនិធិ AA Vietnam និងគាំទ្រដោយកម្មវិធីជំនួយសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់សមាគមន៍ (Fédération Internationale de l’Automobile – FIA) FIA ប្រចាំតំបន់ទី ២ និងមូលនិធិ FIA យុទ្ធនាការ Heads Up! គឺជាការប្រកួតប្រជែងស្តីពីការប្រកាសសុវត្ថិភាពសាធារណៈក្នុងតំបន់ សម្រាប់និស្សិតមកពីសកលវិទ្យាល័យល្បីៗនៅទូទាំងប្រទេសទាំងបួន។ អ្នកចូលរួមនឹងមានភារកិច្ចបង្កើតគំនិត និងវីដេអូប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈគ្រប់ជុងជ្រោយស្តីអំពីសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាពដែលមានគុណភាព និងសុវត្ថិភាពមួកសុវត្ថិភាពក្នុងចំណោមយុវជន។
កម្មវិធី Heads Up! គឺជាវេទិកាដំបូងមួយដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលយុវជនមកពីប្រទេសអាស៊ានទាំងបួនអាចតភ្ជាប់ រៀនសូត្រ និងផ្លាស់ប្តូរទស្សនៈគ្នាអំពីសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ និងសារៈសំខាន់នៃការសង្គ្រោះអាយុជីវិតរបស់មួកសុវត្ថិភាព។ តាមរយៈការប្រកួតប្រជែង តំបន់នេះនឹងឃើញមានយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតដែលបានរៀបចំឡើង និងសម្របសម្រួលដើម្បី «អ្នកបើកបរ» នាពេលអនាគត។
ការដាក់ពាក្យចូលរួមគួរធ្វើឡើងតាមរយៈអ៊ីម៉ែល ទៅកាន់អាសយដ្ឋាន៖ [email protected] និង [email protected] ជាមួយនឹងឈ្មោះអ្នកចូលរួម បញ្ជីសមាជិកក្រុម (ប្រសិនបើដាក់ពាក្យជាក្រុម) និងឈ្មោះសាលា។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៥ ល្ងាច (ម៉ោងនៅឥណ្ឌូចិន)។
រង្វាន់រួមមាន៖រង្វាន់ទី១.ទឹកប្រាក់១,000ដុល្លារនិងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល។រង្វាន់ទី២. ទឹកប្រាក់ ៥00 ដុល្លារនិងរង្វាន់ទី៣. ទឹកប្រាក់ ៣00 ដុល្លារ។
បេក្ខជនឬក្រុមដែលទទួលជ័យលាភីក៏នឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយ សមាគមន៍ FIA ប្រចាំតំបន់ទី ២ និង អង្គការមូលនិធិបង្ការរបួស អាស៊ី AIP ដែលទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងការលើកកម្ពស់សុវត្ថិភាពមួកសុវត្ថិភាពក្នុងតំបន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បេក្ខជនដែលត្រូវបានជ្រើសរើស ក៏នឹងទទួលបានគណនីសមាជិក MasterClass ចំនួន ១៥ (ដែលមានតម្លៃ USD ១៨០/ឆ្នាំ/គណនី) ដើម្បីផ្តល់លទ្ធភាពដល់ពួកគេក្នុងការចូលរួមវេទិកាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងឧស្សាហកម្មជាង ១០០ លើផ្នែកតាក់តែងនិពន្ធ អាជីវកម្ម របៀបរស់នៅ សុខភាពផ្ទាល់ខ្លួន និងវិស័យជាច្រើនទៀត។ ថ្នាក់រៀនតាមវីដេអូទាំងនេះនឹងក្លាយជាឱកាសដ៏ពិសេសមួយ ដើម្បីរៀនសូត្រ និងអភិវឌ្ឍភាពច្នៃប្រឌិតរបស់ពួកគេជាបណ្តើរៗ។
សម្រាប់ព័ត៌មានលម្អិតអំពីការប្រកួតប្រជែង សូមចូលមើលគេហទំព័រផ្លូវការរបស់ កម្មវិធី Heads Up!៕